ព័ត៌មានទាន់ហេតុការណ៍៖

កាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ​៖ បើកវគ្គបណ្តុះបណ្តាល​ស្តីពី​ សុខភាពផ្លូវចិត្ត​ ចិត្តសាស្ត្រសង្គម​ ការចូលរួម​ និងភាពទទួលខុសត្រូវរបស់សហគមន៍ក្នុងបរិបទជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ​ នាព្រឹកថ្ងៃចន្ទ​ ៩រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស២៥៦៥​ ត្រូវនឹងថ្ងៃទី​០២​ ខែ​ សីហា ឆ្នាំ​ ២០២១នេះ បានអញ្ជើញជាអធិបតីភាពបើកវគ្គបណ្តុះបណ្តាល​ស្តីពី​ សុខភាពផ្លូវចិត្ត​ ចិត្តសាស្ត្រសង្គម​ ការចូលរួម​ និងភាពទទួលខុសត្រូវរបស់សហគមន៍ក្នុងបរិបទជំងឺកូវីដ-១៩ រយ:ពេល២ថ្ងៃ​ ជូនដល់អ្នកស្មគ្រ័ចិត្តកាកបាទក្រហមប្រចាំនៅអនុខណ្ឌពោធិ៍សែនជ័យចំនួន២០នាក់ ដែលវគ្គនេះបានការជួយឧបត្ថម្ភពី​សហព័ន្ធអន្តរជាតិកាកបាទក្រហម​ អឌ្ឍចន្ទក្រហម តាមរយៈគម្រោងត្រៀមបង្ការ​ និងឆ្លេីយតបចំពោះការរាតត្បាតនៃជំងឺកូវីដ១៩​ ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា​ ។

មានមតិបេីកវគ្គនាឱកាសនោះ លោក ជិន ប៊ុនធឿន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពី ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ ជាពិសេសពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អស់លោក​ លោកស្រីអ្នកស្មគ្រ័ទាំងអស់ ព្រមទាំងសូមឲ្យត្រង់ត្រាប់ស្តាប់គ្រូឧទ្ទេសនាមពន្យល់បង្ហាត់បង្ហាញដោយយកចិត្តទុកដាក់ ដេីម្បីទទួលយកចំណេះដឹងថ្មីដ៏មានសារៈសំខាន់នេះ​ ដើម្បីក្លាយខ្លួនជាជនបង្គោល​ និងជាប្រតិបត្តិករប្រកបដោយសមត្ថភាពប្រសិទ្ធភាព​ សម្រាប់យកទៅអនុវត្ត និងជួយផ្សព្វផ្សាយបន្តទៅដល់មិត្តភ័ក្រ្ត ក្រុមគ្រួសារ ជាពិសេសសហគម៍មូលដ្ឋាន​។

លោកនាយកប្រតិបត្តិសាខា​ បានបន្តថា៖​ សកម្មភាពទាំងនេះពិតជាបានឆ្លុះបញ្ជាំងឲ្យឃើញនូវការចូលរួម និងការយកចិត្តទុកដាក់ខ្ពស់របស់បងប្អូនអ្នកស្ម័គ្រចិត្តយេីងដែលជាប្រតិបត្តិករផ្ទាល់ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទោះបីជាក្នុងស្ថានភាពជំងឺកូវីដ១៩កំពុង​តែ​រាតត្បាតក៏ដោយ ប៉ុន្តែបងប្អូនបានបន្តជួយ​ ក៏ដូចជាបានផ្សព្វផ្សាយបន្តពីការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ​ ៣ការពារ ​និង៣កុំ​ តាមការ​ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីការពារខ្លួនយើង គ្រួសារយើង សហគមន៏យើង និងប្រទេសជាតិយើង ទាំង​​​នេះ​ជាការឆ្លើយតបទៅនឹងវត្ថុបំណងរបស់កាកបាទក្រហមកម្ពុជាគឺ ​“វប្បធម៌នៃការចែករំលែក និងជួយសង្គ្រោះ”​​​ ​ស្របទៅតាម​​អនុសាសន៍​​​​​ដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ​ក្រហមកម្ពុជា ។

សូមបញ្ជាក់ថា ប្រធានបទដែលលើកយកមកបង្ហាត់បង្ហាញរួមមាន៖
*១.​ ជំងឺកូវីដ១៩
*២.​ សង្គ្រោះបឋមផ្លូវចិត្ត
*៣.​ ភាពតានតឹង​ និងដំណោះស្រាយ
*៤.​ ការចូលរួម​ និងភាពទទួលខុសត្រូវរបស់សហគមន៍ក្នុងបរិបទជំងឺកូវីដ-១៩​ ៕

ដោយ​៖សហការី​


ចែករំលែក៖