ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមតាលីបង់ដណ្តើមបានការគ្រប់គ្រងទីក្រុង Kunduz អាមេរិកបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកB52 វាយប្រហារក្រុមតាលីបង់

ចែករំលែក៖

នៅថ្ងៃទី៨ខែសីហា ក្រុមតាលីបង់បានវាយប្រហារដណ្តើមគ្រប់គ្រងទីក្រុង Kunduz ស្ថិតនៅភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន។ នេះជាទីក្រុងធំដែលក្រុមតាលីបង់ដណ្តើមបានការគ្រប់គ្រងចាប់តាំងពីក្រុមនេះបើកការវាយប្រហារ ដណ្តើមទីតាំងគ្រប់គ្រងចាប់ពីខែឧសភាមក។
សារព័ត៌មាន The New York Time បានផ្សាយថា ការដែលក្រុមតាលីបង់ដណ្តើមបានសិទ្ធិគ្រប់គ្រងទីក្រុង Kunduz គឺជាជោគជ័យមួយយ៉ាងធំធេងរបស់ក្រុមនេះ។ ទីក្រុងនេះមានពលរដ្ឋរស់នៅជិត ៤សែននាក់ ដែលជាតំបន់ពាណិជ្ជកម្មដ៏សំខាន់របស់ក្រុមតាលីបង់នៅជាប់ព្រំដែនTakijistan ។ កាលពីពីរថ្ងៃមុន ក្រុមតាលីបង់ក៏ដណ្តើមបានការគ្រប់គ្រងតំបន់ Heberghan ខេត្ត Jowzjan និងតំបន់ Zarani ខេត្ត Nimruz ។
នៅថ្ងៃនេះដែរ អាមេរិកបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-52 រួមជាមួយយន្តហោះបំពាក់កាំភ្លើងយន្ត AC-130 Spectre មួយចំនួនចល័តទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ដើម្បីវាយប្រហារលើទីតាំងរបស់ក្រុមតាលីបង់ដែលកំពុងព្យាយាមដណ្តើមកាន់កាប់ទីក្រុងសំខាន់ៗនៅផ្នែកខុសៗគ្នានៃប្រទេសមជ្ឈិមបូព៌ាមួយនេះ។
ការបញ្ជូនក្រុមយន្តហោះយោធាអាមេរិកខាងលើត្រូវបានធ្វើឡើងចំពេលស្ថានការណ៍កាន់តែតានតឹងខ្លាំងឡើងនៅអាហ្វហ្គានីស្ថាន ខណៈក្រុមតាលីបង់បន្តដណ្តើមគ្រប់គ្រងបានដែនដីនៅពាសពេញប្រទេសនេះ ស្របពេលដែលកងទ័ពអាមេរិកត្រូវដកចេញទៅវិញ។ ក្នុងរយៈពេលត្រឹមប៉ុន្មានថ្ងៃចុងក្រោយនេះ ទីក្រុងសំខាន់ៗចំនួនពីរ គឺទីក្រុងសេបឺហ្គាន (Sheberghan) នៃខេត្តចាវហ្សាន (Jawzjan) ភាគខាងជើង និងទីក្រុងហ្សារ៉ាន (Zaranj) នៃខេត្តនីមរ៉ូហ្ស (Nimroz) នៅភាគនិរតី បានធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ក្រុមតាលីបង់៕ដោយ៖ធីរីណា

រូបថត៖NY times.

រូបថត៖Getty Image.


ចែករំលែក៖