ព័ត៌មានទាន់ហេតុការណ៍៖

កាកបាទក្រហមកម្ពុជា បានរៀបចំពិធីប្រគល់-ទទួលផ្ទះជំហានទី២ ចំនួន ២៥០ខ្នងទៀត (ក្នុងនោះ​ ផ្ទះចំនួន​ ១០ខ្នង​ ជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់​ ហ្លួងម៉ែ​ ជាអម្ចាស់ជីវិតលេីត្បូង) !

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នៅថ្ងៃអាទិត្យ ទី ១៥​ ខែសីហា​ ឆ្នាំ២០២១នេះ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ​ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំពិធីប្រគល់-ទទួលផ្ទះជំហានទី២ ចំនួន ២៥០ខ្នងទៀត (ក្នុងនោះ​ ផ្ទះចំនួន​ ១០ខ្នង​ ជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់​ ហ្លួងម៉ែ​ ជាអម្ចាស់ជីវិតលេីត្បូង)​ ជូនអតីតយុទ្ធជនកម្ពុជាក្រីក្រចំនួន ២៥០គ្រួសារ រស់នៅភូមិ ប៊ុន រ៉ានី សែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។​

ពិធីនេះបានប្រព្រឹត្តទៅក្រោមវត្តមាន លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា, លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជានាយិកាខុទ្ទកាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោកបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជន ខេត្តពោធិ៍សាត់។

ក្នុងឱកាសនោះ​ លោកបណ្ឌិត ម៉ៅ ធនិន បានមានមតិស្វាគមន៍ និងបានលេីកឡេីងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការជួយដល់ប្រជាជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទក្នុងសង្គម​ ពិសេសអតីតយុទ្ធជន​ និងបានសម្តែងនូវការគោរពកោតសសសើរដ៏ស្មោះអស់ពីដួងចិត្តចំពោះគុណបំណាច់ដ៏ថ្លៃថ្លាប្រកបដោយវីរភាពរបស់បងប្អូនអតីតយុទ្ធជន និងគ្រួសារ ដែលបានបូជាសាច់ស្រស់​ ឈាមស្រស់ជូនជាតិមាតុភូមិរបស់យើង។ 

ជាមួយគ្នានោះ ក្នុងនាមកាកបាទក្រហមកម្ពុជា លោកស្រី ម៉ែន នារីសោភ័គ បានសម្តែងនូវក្តីសោមនស្សរីករាយ និងបានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខចំពោះបងប្អូនអតីតយុទ្ធជនទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តការពារបូរណភាពទឹកដី​ និងពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ ជាពិសេសធ្វើឱ្យប្រទេសជាតិទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។ 

លោកស្រី បានលើកឡើងថា «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បានគិតគូរយ៉ាងហ្មត់ចត់​ ដែលក្នុងនាមជាភរិយារបស់​សម្តេចតេជោ​ ហ៊ុន​ សែន​ និងជាអតីតអ្នកដែលធ្លាប់បានចូលរួមតស៊ូរំដោះជាតិក្រោមការដឹកនាំរបស់​ សម្តេច​ព្រះវររាជបិតាជាតិខ្មែរ​ នរោត្តម​ សីហនុ​ ព្រះបរមរតនកោដ្ឋ​ នាពេលកន្លងមកផង​ ដែលបានធ្វេីឱ្យសម្តេច​តែងតែចងចាំជានិច្ច​ និងតបស្នងក្នុងនាមស្ថាប័នមនុស្សធម៌​ តាមរយៈការសាងសង់ផ្ទះ​ និងផ្តល់អំណោយជាស្បៀង-សម្ភារដេីម្បីជួយសម្រាលការលំបាកផ្នែកជីវភាពជូនដល់បងប្អូនអតីតយុទ្ធជននាពេលនេះ។

ឆ្លៀតក្នុងឱកាសនោះដែរ​ លោកស្រី បានពាំនាំនូវការថ្លែងអំណរគុណពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន​ដែលបានឧបត្ថម្ភថវិកាជូនកាកបាទក្រហមកម្ពុជា​ ស​ម្រាប់ការសាងសង់ផ្ទះចំនួន​ ៦២៨ខ្នង​ ជូនអតីតយុទ្ធជនទាំង​ ៦២៨គ្រួសារ​ ដែលរស់នៅក្នុងភូមិដែលទេីបនឹងអភិវឌ្ឍថ្មីនេះ​ ហេីយជឿជាក់ថា​ បងប្អូនអតីតយុទ្ធជនទាំងអស់​ នឹងចាប់ផ្តេីមកសាងជីវិតថ្មី​ នៅលេីទឹកដីថ្មី​ ប្រកបដោយក្តីសង្ឃឹម​ មានសុភមង្គល​ និងមានជីវភាពរីកចម្រេីនរុងរឿងតរៀងទៅ។ 

ជាមួយគ្នានេះ​ លោកស្រី បានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ​ និងកោតសរសេីរចំពោះ​ លោកបណ្ឌិត​ ម៉ៅ​ ធនិន​ ដែលបានដឹកនាំកងកម្លាំង​ និងជំនាញ​គ្រប់លំដាប់ថ្នាក់,​  កងវិស្វកម្មសម្តេចតេជោ​ ដឹដឹកនាំដោយលោក ខេង​ សាម៉េត​,​ កម្លាំងក្រុមជាងរបស់សមាគម​អតីតយុទ្ធជនកម្ពុជា​ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបំពេញការងារគ្រប់សព្វបែបយ៉ាងដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យទទួលបានសមិទ្ធផលធំធេងនាពេលនេះ។ ថ្លែងពីវេទិកានេះដែរ​ លលោកស្រី បានអំពាវនាវ​ចំពោះបងប្អូនអតីតយុទ្ធជនទាំងអស់​ សូមចូលរួមទប់ស្កាត់​ និងកាត់ផ្តាច់ខ្សែចម្លងនៃជំងឺកូវីដ-១៩​ តាមរយៈអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការនានា​របស់រាជរដ្ឋាភិបាល អនុវត្ត​ ៣ការពារ​ ៣កុំ​ ២ចូលរួម​ និងការធ្វេីចត្តាឡីស័កឱ្យបានត្រឹមត្រូវ។​ ទន្ទឹមនឹងនេះ​ សូមបងប្អូនរស់នៅមានអនាម័យ​ សម្រាកក្នុងមុងជានិច្ច បរិភោគទឹកឆ្អិន​ ជៀសផុតពីជំងឺឆ្លងនានា។ 

ថ្លែងក្នុងឱកាសនោះដែរ​​​ លោកទេសរដ្ឋមន្ត្រី​ គន់​ គីម​ បានពាំនាំការផ្តាំផ្ញេីសួរសុខទុក្ខ​ និងក្តីនឹករលឹកពីសំណាក់​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា​ ចំពោះបងប្អូនអតីតយុទ្ធជនទាំងអស់​ និងសូមជូនពរបងប្អូនជៀសផុតពីជំងឺកូវីដ-១៩ទាំងអស់គ្នា។ 

ជំនួសមុខឱ្យគ្រួសារអតីតយុទ្ធជនទាំងអស់​ និងក្នុងនាម​សមាគមអតីតយុទ្ធជនកម្ពុជា​ លោកទេសរដ្ឋមន្ត្រី​ គន់​ គីម​ បានថ្វាយព្រះពរ​ ហ្លួងម៉ែ​ ជាម្ចាស់ជីវិតលេីត្បូង​ និងសូមសម្តែងនូវការដឹងគុណចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលតែងតែយកចិត្តទុកដាក់​ គិតគូរពីសុខទុក្ខ​ ជាពិសេសខិតខំអំពាវនាវសប្បុរសជនគ្រប់មជ្ឈដ្ឋាន​ដេីម្បីបានថវិកាយកមកសាងសង់ផ្ទះ​ទុកជាកេរមរតកដ៏ថ្លៃថ្លាជូនបងប្អូនអតីតយុទ្ធជនកម្ពុជានាពេលនេះ​ រួមជាមួយសម្ភារសម្រាប់ឡេីងផ្ទះជាច្រេីនមុខទៀតផង។

សូមបញ្ជាក់ថា​ កាលពីថ្ងៃទី​ ១២​ ខែមិថុនា​ ឆ្នាំ២០២១កន្លងទៅ កាកបាទក្រហមកម្ពុជា​ បានប្រគល់ផ្ទះជំហានទី១​ ចំនួន​ ៥០ខ្នង និងជំហានទី២នេះចំនួន​ ២៥០ខ្នង ដែលផ្ទះនីមួយៗ មានទំហំ ៥ម៉ែត្រ គុណនឹង ៧ម៉ែត្រ, គ្រឿងបង្គុំធ្វើពីដែក, សសរចាក់ស៊ីម៉ង់តិ៍, ជញ្ជាំងស្មាតបត, ដំបូលស័ង្កសី និងតតាកខាងក្រោយផ្ទះធ្វើជាចង្ក្រានបាយ ដែលចំណាយថវិកាតម្លៃ ៣.៥០០ដុល្លារអាមេរិក។ ដោយឡែក បង្គន់អនាម័យដាច់ដោយឡែក មានតម្លៃ ២៧០ដុល្លារអាមេរិក។ បន្ថែមពីនេះ អំណោយសម្រាប់សង្កត់ផ្ទះនីមួយៗរួមមាន ៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ៦ដប, ទឹកស៊ីអ៊ីវ ៦ដប, ប្រេងឆា ៤លីត្រ, អំបិល ២គីឡូក្រាម, ដុំស៊ុបខ្នរ ១០ប្រអប់តូច, ម្ស៉ៅសាប៊ូ ២គីឡូក្រាម, ឃីត (មុង ភួយ សារុង ក្រមា អាវយឺត) ១កញ្ចប់, កន្ទេល ១, ពាងទឹក ១, ប៉ោតទឹក ២, ចបកាប់ ១, កាំបិតផ្គាក់ ១, កំសៀវទឹក ១, ឆ្នាំងបាយ ១, ឆ្នាំងសម្ល ១, ជ្រុញ ១, ខ្ទះឆា ១, ចានបាយ ១២, ចានសម្ល ៦, ចានដែកធំ-តូច ២, កាំបិតធំ-តូច ២, វែកបាយ ២, វែកសម្ល ២, វែកឆា ២, ស៊ម-ស្លាបព្រា ១២គូ, កែវទឹក ១២, បោយទឹក ២, និងថវិកា ១០ម៉ឺនរៀល៕

ដោយ ៖ សិលា


ចែករំលែក៖