ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ផ្ទុះអាវុធជាច្រើនគ្រាប់ ! កម្លាំងមន្ទីរប្រយុទ្ធប្រឆាំងគ្រឿងញៀន(ក៧) ចុះបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន រហូតឈានដល់ការផ្ទុះអាវុធចំនួន៧គ្រាប់ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់

ចែករំលែក៖

     ភ្នំពេញ៖ កម្លាំងនគរបាលមន្ទីរប្រយុទ្ធប្រឆាំងគ្រឿងញៀន(ក៧)នៃអគ្គស្នងការ នគរបាលជាតិ បានចុះបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន រហូតឈានដល់ការផ្ទុះអាវុធចំនួន៧គ្រាប់ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ រួមទាំងវត្ថុតាងមួយចំនួន។  ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង២រសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ នៅចំណុចស្តុបផ្ទះសំណាក់ហេងលៀប តាមបណ្ដោយផ្លូវជាតិលេខ ៦A ស្ថិតនៅសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថានៅមុនពេលកើតហេតុ ឃើញមានរថយន្តចំនួន៣គ្រឿង ម៉ាកស្ដាររិច ពណ៌ស ១គ្រឿង រថយន្តម៉ាកlexus Rx330 ពណ៌ខ្មៅ ១គ្រឿង និងរថយន្តម៉ាក Ford Raptor ពណ៌ស មួយគ្រឿង ថែមទាំងម៉ូតូជាច្រើនគ្រឿង ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៦A ក្នុងទិសដៅពីត្បូងទៅជើង គោលបំណងចេញពីទីក្រុងភ្នំពេញ ខណៈមកដល់នៅចំណុចស្តុប ផ្ទះសំណាក់ហេងលៀប តាមបណ្ដោយផ្លូវជាតិលេខ ៦A ស្រាប់តែកម្លាំងសមត្ថកិច្ចទាំងឯកសណ្ឋាននិងស៉ីវិល ចុះប្រសេកប្រសាចពេញផ្លូវ រួចបានដកកាំភ្លើង បាញ់ចំនួន៧គ្រាប់ រួមមានទាំងអាវុធខ្លី និងវែងផងដែរ តែក្នុងប្រតិបត្តិការនេះមិនបណ្ដាលអោយមានមនុស្សរងរបួសឡើយក្រោយប្រតិបត្តិការ កម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន(ក៧)បានប្រមូលគ្នាឡើងរថយន្តចាកចេញពីកន្លែងកើតហេតុភ្លាមៗ ។ ចំណែកកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ បានបញ្ចាក់ថាពាក់ព័ន្ធករណីនេះ គឺប្រតិបត្តិការរបស់កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ចុះចាប់ជនសង្ស័យរួមទាំងវត្ថុតាង៕

ដោយ៖រ៉ារ៉ា


ចែករំលែក៖