ព័ត៌មានទាន់ហេតុការណ៍៖

ខ្ទេចមួយកំណាត់មុខរថយន្តស៊េរីទំនើប​Range Roverក្រោយពីពន្លះរបាំងថ្មពុះចែកទ្រូងស្ពានអាកាសក្បាលថ្នល់​រួច

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់ជាជនជាតិចិន​ សង្ស័យមិនទាន់ស្វាងពីស្រវឹងស្រាបានបេីករថយន្តស៊េរីទំនើបម៉ាកRange Rover​ ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវគល់ស្ពានអាកាសក្បាលថ្នល់បណ្តាលឱ្យរួញមួយកំណាត់មុខ​ កាលពីវេលាម៉ោង៦​ និង៣០នាទីព្រឹកថ្ងៃទី២៤ ខែសីហា​ ឆ្នាំ២០២១ នៅចំណុចគល់ស្ពានអាកាសក្បាលថ្នល់ មហាវិថីព្រះនរោត្ដម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជាជនជាតិចិន​ទំនងជាស្រវឹងស្រា​បានបេីករថយន្តមួយគ្រឿងម៉ាក Range Rover ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BH-1117 តាមបណ្ដោយមហាវិថីព្រះនរោត្តម​ ពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន​ ខណ:មកដល់ចំណុចកើតហេតុបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង​ បណ្ដាលឲ្យខ្ទេចរថយន្តមួយកំណាត់មុខ​ តែក្នុងករណីនេះមិនបង្កឲ្យមានអ្នកណាម្នាក់រងរបួសឡេីយ​ ។

​ ក្រោយកើតហេតុភ្លាមៗ​ អ្នកបើកបរបានបើកទ្វាររថយន្តចុះគេចខ្លួនបាត់ពីកន្លែងកើតហេតុ​ ដោយបន្សល់ទុករថយន្តនៅនឹងកន្លែងកេីតហេតុ ។ក្រោយមកទេីបកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់​ ហេីយធ្វេីការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឱ្យមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំម្ចាស់រថយន្តចូលខ្លួនដោះស្រាយតាមច្បាប់​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖