ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋចំនួន១០៨៩គ្រួសារ នៅក្នុងតំបន់បិទខ្ទប់បណ្តោះអាសន្ន ក្នុងសហគមន៍អណ្តូង បានទទួលអំណោយសម្តេចតេជោ

ចែករំលែក៖

ភ្នំពេញ ៖ ប្រជាពលរដ្ឋចំនួន១០៨៩គ្រួសារ នៅក្នុងតំបន់បិទខ្ទប់បណ្តោះអាសន្ន ក្នុងភូមិអណ្តូង៣ អណ្តូង៥ និងភូមិអណ្តូង៤ អណ្តូង៦ បានទទួលអំណោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលោកឃួង ស្រេង អភិបាលនៃគណអភិបានរាជធានីភ្នំពេញ ដែលចូលរួមចែកដោយលោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ និងមន្ត្រីសាលាខណ្ឌ ព្រមទាំងមន្ត្រីសង្កាត់គោករកា នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។
ក្នុងពិធីចែកអំណោយនាឱកាសនោះលោកសុខ សម្បត្តិ បានមានប្រសាសន៍ថារាល់ការលំបាកទាំងឡាយរបស់បងប្អូនប្រជាពលរដ្ឋទាំងក្នុងប្រទេសក៍ដូចជានៅទីនេះសម្តេចតេជោ តែងតែគិតគូជានិច្ច ទាំងស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋទូទៅក្នុងប្រទេសមិនគិតប្រាក់ និងផ្តល់អំណោយជាបន្តបន្ទាប់មិនឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ ហើយមិនទៅណាចោលបងប្អូននោះឡើយ។
លោកបន្តថា បើបងប្អូនណាខ្វះខាតអាចទាក់ទងមកលោកមេភូមិ ឬប្រធានសហគមន៍ និងសង្កាត់ អំណោយសម្តេចតេជោ និងមានចែកជូនជានិច្ច។ ក្នុងនោះផងដែរលោកអភិបាលខណ្ឌក៍បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋ ដែលនៅក្នុងតំបន់បិទខ្ទប់ថែរក្សាសុខភាពឲ្យបានល្អ កុំចេញក្រៅផ្ទះបើមិនមានការចាំបាច់ ហាមជួបជុំឲ្យសោះ មិនយូទេរយៈពេល១៤ថ្ងៃ បើមិនមានការចំលងទេគឺយើងអាចមានសេរីភាពដូចមុនវិញហើយ បើទោះជាយ៉ាងណាត្រូវតែរក្សា៣កុំ និង៣ការពារ ជាប់ជានិច្ច។
ក្នុងឱកាសនោះដែរ ប្រជាពលរដ្ឋទាំង១០៨៩គ្រួសារ បានលើកដៃសំពះដឹងគុណ ដល់សម្តេចតេជោ ហ៊ុន សែន ព្រមទាំងលោកឃួង ស្រេង ដែលបានជួយសង្គ្រោះពួកគាត់ កំពុងជួបការលំបាកទាន់ពេលវេលានេះ។ ដែលបានបង្ហាញពីការយកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋ ដឹងពីសុខទុក្ខ របស់ប្រជាពលរដ្ឋ ដែលជួបប្រទះនូវការលំបាក ពិសេសនៅពេលដែល ប្រជាពលរដ្ឋជួបនូវបញ្ហាគ្រោះអាសន្ន ដូចជាពេលនេះជាដើម។ ប្រជាពលរដ្ឋទាំង១០៨៩គ្រួសារ បានលើកដៃបួងសួងដល់ទេវតា ដែលថែរក្សាព្រះរាជាណាចក្សកម្ពុជា ជួយថែរក្សាសម្តេចតេជោនាយករដ្ឋមន្ត្រី និងលោកអភិបាលរាជធានីភ្នំពេញសូមបាននៅសេចក្តីសុខ គ្រប់ពេលវេលាដើម្បីដឹកនាំនាវាកម្ពុជា អោយកាន់តែមានការរីកចំរើនទ្វេឡើងថែមទៀត។
គួរបញ្ជាក់ថា អំណោយដែលចែកជូននាពេលនោះ ក្នុង១គ្រួសារៗទទួលបានអង្ក២៥គីឡូក្រាម ម៉ី១កេស ត្រីខ១យួ និងទឹកត្រី១យួផងដែរ៕

ដោយ៖  ព្រែកសំរោង


ចែករំលែក៖