ព័ត៌មានទាន់ហេតុការណ៍៖

ខ្ចីម៉ូតូគេជិះថាទៅដកលុយដោយបានដឹកក្មេងស្រីត្រូវជាក្មួយម្ចាស់ម៉ូតូទៅជាមួយផង ស្រាប់តែក្រោយមកតេទៅជំរិតទារប្រាក់ពីម្ចាស់ម៉ូតូត្រូវសមត្ថកិច្ចក្របួចជាប់

ចែករំលែក៖

ខេត្តកណ្ដាល៖ នារីជាជនសង្ស័យម្នាក់បានខ្ចីម៉ូតូគេជិះដោយប្រាប់ថាទៅដកលុយមួយភ្លែត ហើយក៏ឌុបក្មេងស្រីត្រូវជាក្មួយម្ចាស់ម៉ូតូទៅជាមួយផង តែបែរជានារីជាជនសង្ស័យរូបនេះ និយាយទូរស័ព្ទមកម្ចាស់ម៉ូតូវិញថា បើចង់បានក្មេងស្រីនិងម៉ូតូត្រឡប់ទៅវិញ ទាល់តែផ្ញើលុយ១៥០០ដុល្លារមក! ប៉ុន្តែការគំរាមទារប្រាក់នេះពុំបានសម្រេចទេ ដោយនារីជាជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាននៅថ្ងៃទី២៥ ខែសីហា​ ឆ្នាំ២០២១ វេលាម៉ោង១១និង៥៥នាទី នៅចំណុចក្រោយវត្តព្រែកសំរោង ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលករណីនេះ​បានកើតឡើងកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៧និង៣០នាទី នៅចំណុចភូមិបាក់ដាវលើ ឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ផេង ស្រីលាភ ភេទស្រី អាយុ១១ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិ ឃុំកើតហេតុ។ ចំណែកជនសង្ស័យឈ្មោះ ហេង ស្រីរី ហៅស្រីពៅ ភេទស្រី អាយុប្រហែល ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិខ្ពបអាទាវ ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល។
ប្រភព​ដដែលបន្តថា កន្លងមកនារីសង្ស័យបានស្គាល់គ្នាជាមួយឈ្មោះ រិ រួន ភេទស្រី អាយុ៣៨ឆ្នាំ រហូតរាប់អានគ្នាស៊ីជម្រៅធ្វើជាបងប្អូនធម៌នឹងគ្នាខណៈដែលឈ្មោះ រិ រួន​ ស្នាក់នៅនិងធ្វើជាកម្មករសំណង់ក្នុងបុរីរំដួល នៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហើយនារីសង្ស័យក៏បានស្នាក់នៅក្នុងការដ្ឋានជាមួយគ្នាដែរ ។ លុះមកដល់ថ្ងៃទី២០​ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៧និង០០នាទីព្រឹក ឈ្មោះ រិ រី ដែលត្រូវជាបងប្អូនឈ្មោះ រិ​ រួន​ បានជិះម៉ូតូរបស់ខ្លួន ម៉ាកហុងដា C125 ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ កណ្តាល 1AL-8770 មកលេងឈ្មោះ រិ រួន នៅក្នុងការដ្ឋានបុរីរំដួលក៏ជួបនឹងនារីសង្ស័យឈ្មោះ ហេង ស្រីរី និងបានស្គាល់គ្នា រហូតមកដល់ថ្ងៃទី២១ខែឆ្នាំដដែល វេលាម៉ោង៨ព្រឹក នារីសង្ស័យក៏សុំឈ្មោះ រិ រី​ទៅលេងផ្ទះដើម្បីស្គាល់ ខណៈនោះឈ្មោះ រិ រី ក៏ជិះម៉ូតូរបស់ខ្លួនឌុបនារីសង្ស័យ រួមទាំងក្មួយស្រី២នាក់ មានឈ្មោះ ផេង ស្រីលាភ អាយុ១១ឆ្នាំ និងឈ្មោះ ផេង លីតា អាយុជាង១ឆ្នាំ ទៅផ្ទះនៅភូមិបាក់ដាវលើ ឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ហើយដេកស្នាក់នៅជាមួយគ្នា រហូតដល់ថ្ងៃទី២៤ ខែឆ្នាំដដែល វេលាម៉ោង៧និង៣០នាទីព្រឹក នារីសង្ស័យ បានខ្ចីម៉ូតូរបស់ឈ្មោះ រិ រី និងទូរស័ព្ទដោយនិយាយថា​ យកទៅដកលុយវីងនៅផ្សារកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ហើយពេលនោះនារីសង្ស័យក៏បានឌុបក្មេងស្រីឈ្មោះ ផេង ស្រីលាភ ទៅជាមួយដែរ។ លុះដល់វេលាម៉ោង៩ព្រឹក ដោយមិនឃើញនារីសង្ស័យត្រឡប់មកវិញ ទើបឈ្មោះ រិ រី ទូរស័ព្ទទៅនារីសង្ស័យ តែបែរជានារីសង្ស័យឆ្លើយថា បើចង់បានម៉ូតូនិងក្មួយស្រីទៅវិញត្រូវយកលុយ១៥០០ដុល្លារមកឱ្យខ្លួន។ ដោយមានការភ័យខ្លាច ទើបជនរងគ្រោះជាម្ចាស់ម៉ូតូមកដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចតែម្ដង។ លុះមកដល់ថ្ងៃទី២៥ ខែឆ្នាំដដែល ទើបសមត្ថកិច្ចឃាត់ខ្លួននារីសង្ស័យបាននៅចំណុចក្រោយវត្តព្រែកសំរោង ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល វេលាម៉ោង១១និង៥៥នាទី រួមទាំងយកជនរងគ្រោះឈ្មោះ ផេង ស្រីលាភ រួមទាំងម៉ូតូរបស់ជនរងគ្រោះបានមកវិញផងដែរ។
បច្ចុប្បន្ន​នារីសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ ស្អាង ជ័យ


ចែករំលែក៖