ភ្នំពេញ ៖ បុរសម្នាក់បានបេីករថយន្តយ៉ាងលឿនមិនប្រុងប្រយ័ត្នបានជ្រុលទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្ដាលឲ្យក្បាលថ្មនោះខូចខាតតិចតួច តែរថយន្តបង្កបានរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៧១ ជាប់ស្ថានីយបឹងត្របែក ក្នុងសង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាក RAV4 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AI-4188 តាមបណ្ដោយផ្លូវលេខ២៧១ ក្នុងទិសដៅពីលិចទៅកើតយ៉ាងលឿន ខណៈមកដល់ចំណុចកេីតហេតុក៏ជ្រុលទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យក្បាលថ្មខូចខាតតិចតួច តែរថយន្តបង្កបានខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះឡេីយ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហេីយទាក់ទងបន្តទៅសមត្ថកិច្ចជំនាញឲ្យមកធ្វេីការវាស់វែងយករថយន្តបង្កទៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំឲ្យម្ចាស់រថយន្តចូលខ្លូនមកដោះស្រាយតាមច្បាប់ ៕
ដោយ ៖ ភារ៉ា ដង្កោ