រូបសំណាកមេទ័ពគួនអុី(Guan Yu) មានកម្ពស់ដល់ទៅ៥៨ម៉ែត្រ ស្ថិតនៅក្នុងទីក្រុង Jingzhou ខេត្ត Hubei ក្រោយពេលពលរដ្ឋ
រអ៊ូថា មើលទៅដូចជាទើសភ្នែក អត់ប្រយោជន៍ និងខ្ជះខ្ជាយប្រាក់ឥតអំពើ។
សារព័ត៌មាន SCMP នៅថ្ងៃទី៣ខែកញ្ញា បានផ្សាយថា
ក្រុមគណៈកម្មាធិការនៅទីក្រុង Jingzhou ខេត្ត Hubei បានសម្រេចរុះរើរូបសំណាកមេទ័ពល្បីល្បាញគួនអុីចេញហើយ ។ ក្នុងពេលសាងសង់រូបសំណាកនោះ ក្រុមហ៊ុនអភិវឌ្ឍន៍ទេសចរណ៍ទីក្រុង Jingzhou បានចំណាយប្រាក់ដល់ទៅ២៦,៣លានដុល្លារក្នុងការសាងសង់។ ក្នុងពេលនេះ ត្រូវចំណាយប្រាក់បន្ថែមរហូតដល់ទៅ ២៣,៩លានដុល្លារដើម្បីរំកិលរូបសំណាកទៅកាន់តំបន់ទេសចរណ៍នៅឯជាយក្រុងវិញ។
រូបសំណាកមេទ័ពគួនអុីធ្វើឡើងពីសំរឹទ្ធិធំបំផុតនៅលើពិភពលោក ដោយសង្ឃឹមថានឹងមានឈ្មោះនៅក្នុងបញ្ជីកំណត់ត្រាពិភពលោក។ ប៉ុន្តែពលរដ្ឋនៅក្នុងតំបន់ ក៏ដូចជាមន្ត្រីរដ្ឋាភិបាលបានបង្ហាញពីទស្សនៈផ្ទុយពីរូបសំណាកគួនអុីនៅលើដំបូលនៃសារមន្ទីរមានទំហំដល់ទៅ៨ពាន់ម៉ែត្រការ៉េថាជាគម្រោងអត់ប្រយោជន៍ និងខ្ជះខ្ជាយទ្រព្យសម្បត្តិ។
ក្រសួងអភិវឌ្ឍន៍ទីក្រុងនិងជនបទរបស់ចិនបានលើកឡើងថា រូបសំណាកគួនអុី បានបំផ្លាញភាពលេចធ្លោនៃវប្បធម៌របស់ទីក្រុង Jingzhou ដែលជាទីក្រុងប្រវត្តិសាស្ត្រ ។រូបសំណាកនោះត្រូវបានស្នើឲ្យរើចេញនៅខែកញ្ញាឆ្នាំ២០២០ ។ រូបសំណាកខាងលើស្ថិតនៅក្នុងតំបន់ដែលបានហាមប្រាមសាងសង់អគារមានកម្ពស់លើសពី ២៤ម៉ែត្រ ។
លោក Qin Jun អនុប្រធានការិយាល័យធនធានធម្មជាតិនិងគម្រោងនៃទីក្រុងJingzhou បានឱ្យដឹងថា «យើងចាំបាច់ត្រូវតែមានការកំណត់ពីកម្ពស់អគារ ប៉ុន្តែមិនមានការកំណត់ណាមួយស្តីពីកម្ពស់នៃរូបសំណាកឡើយ»។
ចំណែកលោក Zhang Hong អនុប្រធានមន្ទីរវប្បធម៌និងទេសចរណ៍ទីក្រុង Jingzhou បានបញ្ជាក់ថា ការសាងសង់រូបសំណាកធំបែបនេះគឺដើម្បីទាក់ទាញទេសចរណ៍៕
ដោយ៖ធីរីណា(រូបថត៖Handout)