ព័ត៌មានទាន់ហេតុការណ៍៖

ចូល​លួច​ទ្រព្យសម្បត្តិ​ ក្នុង​ការាសសាំង​ ត្រូវ​បាន​សន្តិសុខ​ប្រទះឃើញ​ ក៏ប្រតាយ​ប្រតាយប្រតប់​និងចាក់​គ្នា​ទៅ​វិញ​ទៅ​មក​ បណ្តាល​ឲ្យ​បុរស​ជា​សន្តិសុខ​រងរបួស​ធ្ងន់​ ឯ​ជន​សង្ស័យ​ស្លាប់​

ចែករំលែក៖

      ភ្នំពេញ​ ៖​ បុរសជាសន្តិសុខម្នាក់រងរបួសធ្ងន់​ រីឯជនសង្ស័យ​ម្នាក់​បានស្លាប់​បាត់​បង់​ជីវិត​ បន្ទាប់​ពី​ជនសង្ស័យ​បានធ្វើ​សកម្មភាព​​លួច​ទ្រព្យសម្បត្តិ​ ក្នុង​ការាសសាំង​មួយ​កន្លែង​ និងបាន​ប្រតាយប្រតប់​ចាក់​គ្នា​ ទៅ​វិញ​ទៅ​មក​ជាមួយ​សន្តិសុខ​ ​បង្ក​ឲ្យមាន​ការ​ភ្ញាក់ផ្អើល​ឡេីង​នៅ​វេលា​ម៉ោង​ ៤និង​៣០នាទី​ ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ ទី​៦​ ខែ​កញ្ញា​ ឆ្នាំ​២០២១​  ចំណុច​ដេប៉ូ​ប្រេង​ឥន្ធនៈ​ តេលា​ ផ្លូវ​២១៧​ ភូមិ​សំបួរ​ សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ​ ។ 

    ជនសង្ស័យដែលស្លាប់​ មាន​ឈ្មោះ​ ថន​ រិទ្ធ​ ភេទប្រុស​ អាយុ​៤៣ឆ្នាំ​ ភូមិ​ត្រពាំង​ក្រញូង​ ឃុំ​ត្រពាំង​ក្រញូង​ ស្រុក​ត្រាំកក់​ ខេត្ត​តាកែវ​ ។ ​រីឯជនរងគ្រោះជាសន្តិសុខមានឈ្មោះ​ មាស ម៉ុត ភេទប្រុស អាយុ៦៨ឆ្នាំ មុខ​របរ​ ជួយ​មេីល​ការ​ខុសត្រូវ​ក្នុងការាសសាំង​ តេលា​ របស់​ក្មួយ​ត្រង់ចំណុចកេីតហេតុ​ និងមាន​ស្រុកកំណើត ភូមិឬស្សីស្រុក ភូមិខ្ពប ស្រុកស្អាង ខេត្តកណ្ដាល​ ។

      តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បានឲ្យ​ដឹង​ថា​ មុន​ពេល​កេីតហេតុ​ គឺ​ជន​សង្ស័យ​​ម្នាក់បានធ្វើ​សកម្មភាព​ផ្លោះ​ចូល​ទៅ​ក្នុង​ការាសសាំង​ បម្រុងលួច​ទ្រព្យសម្បត្តិ​ ឬសំភារៈ​ផ្សេង​ៗ​ តែ​ពេល​ចូល​ទៅ​ដល់​ ក៏ជួប​​និង​បុរស​ជា​សន្តិសុខ​ ដែល​យាម​នៅ​ទី​នោះ​ ហើយ​ក៏បាន​ស្រែក​ឆោឡោ​ថា​ចោរ​ៗ​ និងប្រតាយប្រតប់​គ្នា​ រហូតជនសង្ស័យ​បាន​ដក​កាំបិត​ចាក់​ទៅ​លេី​ បុរស​ជា​សន្តិសុខ​ បណ្តាល​ឲ្យ​ចំត្រង់​ករ​ ហូរឈាម​ជោគ​ ហេីយ​ពេល​នោះ​ បុរស​ជា​សន្តិសុខ​ ក៏បាន​ដណ្ដើម​កាំ​បិត​ ហេីយបាន​ចាក់​ជនសង្ស័យ​ ​ត្រូវ​ចំ​ឆ្អឹង​ខ្នង​ផ្នែក​ខាង​ឆ្វេង​បណ្ដាលឲ្យរងរបួស​ធ្ងន់​និងព្យាយាមរត់​ចេញ​ពី​កន្លែង​កើត​ហេតុ​បានប្រហែល​១០០ម៉ែត្រ​ ក៏បាន​ដេក​ដួល​ស្លាប់​នៅ​ចញ្ចេីមផ្លូវមុខហាង​លក់​ កាហ្វេ​ យីហោ​ KOI តែ​ម្ដង​ទៅ​   

​ ​     ក្រោយ​កេីតហេតុ​ ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ សហការ​ជាមួយ​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ដង្កោ​ ចុះ​ទៅ​កន្លែង​កេីតហេតុ​ ដេីម្បី​សាក​សួរ​នាំដំណេីរ​រឿង​ នូវព័ត៌មាន​លំអិតក្នុង​ករណី​នេះ​​ ព្រមទាំងធ្វើ​ការ​ហ៊ុំ​ព័ទ្ធ​ខ្សែ​ ដេីម្បីកោសល្យវិច័យទៅលេីសព​ ព្រមទាំង​ស្វែងរក​សាច់ញាតិ​មក​ទទួល​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ផងដែរ​ ។ ដោយឡែកបុរសរងគ្រោះជាសន្តិសុខដែលរងរបួសធ្ងន់កំពុងសម្រាកព្យាបាលរបួស​ រងចាំសមត្ថកិច្ចអនុវត្តន៍បន្តតាមនីតិវិធីពេលក្រោយ​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖