ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាអ្នកធ្វើដំណើរទាំងថ្ងៃត្រង់ខណ:ដែលផ្ទះមួយខ្នងត្រូវបានចរន្តអគ្គិសនីឆាបឆេះ ដោយពេលនោះគេឃើញមានរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ទឹកពន្លត់រហូតដល់គ្រប់គ្រងស្ថានការណ៍បាន មិនបណ្ដាលឱ្យឆេះ រាលដាលដល់ផ្ទះអ្នកភូមិនិងមិនមានមនុស្សរងគ្រោះថ្នាក់ឡើយ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀងខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលក្រុងបានឱ្យដឹងថាម្ចាស់ផ្ទះរងគ្រោះមានឈ្មោះជីវ សុភា ភេទស្រី អាយុ៥៣ឆ្នាំ ស្ថិតក្នុងភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ចំពោះសម្ភារខូចខាតរួមមាន ព្រីកុងតាក់ភ្លើង ខ្សែភ្លើង ជញ្ជាំងផ្ទះប៉ែកខាងកើតមួយចំហៀង ពិតានផ្ទះ៣ផ្ទាំង និងរបស់របរផ្សេងៗទៀត ប៉ុន្តែសំណាងដែរដែលមិនមានមនុស្សណាម្នាក់រងគ្រោះថ្នាក់។
ប្រភពបន្តថា ករណីនេះដោយសារមូលហេតុទុស្សេខ្សែភ្លើង ហើយក្រោយពីទទួលបានព័ត៌មាននេះភ្លាមកម្លាំងជំនាញក្រុងសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល កម្លាំងកងរាជអាវុតហត្ថក្រុងនិងអាជ្ញាធរមូលដ្ឋានចុះទៅធ្វើអន្តរាគមន៍ដល់កន្លែងកើតហេតុ ដោយមានប្រជាពលរដ្ឋជិតខាងជួយដងទឹកជះ និងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋានក្រុងស្វាយរៀង១គ្រឿងបាញ់ទឹកពន្លត់អស់មួយឡានទើបគ្រងគ្រងស្ថានការណ៍បាន ៕
ដោយ៖យឹម សុថាន