ព័ត៌មានទាន់ហេតុការណ៍៖

ឈើជាច្រើនសន្លឹកដែលក្រុមឈ្មួញ ដឹកតាមម៉ូតូយកមកលាក់ទុក បម្រុងសាងបន្តតែត្រូវរដ្ឋបាលព្រៃឈើចុះបង្ក្រាបទាន់ពេល

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ឈើជាច្រើនសន្លឹកប្រភេទសុគ្រំ សរុបជាង៦០សន្លឹកដែលក្រុមឈ្មួញដឹកយកមកលាក់ទុក បម្រុងសាងដឹកបន្តនៅពេលយប់ស្ងាត់ ដោយស្ថានភាពជម្ងឺកូវីដ-១៩ បន្តរីករាលដាលឆ្លងចូលសហគមន៍ជាបន្តបន្ទាប់ អាជ្ញាធរខេត្តចេញសេចក្តីសម្រេចបិទបម្រាមគោចរ  ដើម្បីទប់ស្កាត់ការពារ និងងាយស្រួលដល់ក្រុមគ្រូពេទ្យជំនាញធ្វើការតាមដានស្រាវជ្រាវ ទើបធ្វើឲ្យក្រុមឈ្មួញអាក់ខានមិនបានសាងបន្ត។

ទើបលោក សួន ម៉េង លី នាយសង្កាត់រដ្ឋបាលព្រៃឈើដុងក្រឡ  ឆ្មក់ចុះបង្ក្រាបតែម្តង នៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១នេះ នៅត្រង់ចំណុចផ្ទះសំណង់យោធិនចូលនិវត្តន៍ ស្ថិតនៅក្នុងភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

ជុំវិញរឿងចុះបង្ក្រាបនេះលោក សួន ម៉េងលី នាយសង្កាត់រដ្ឋបាលព្រៃឈើដុំក្រឡ បានឲ្យដឹងថា: ឈើដែលចុះបង្ក្រាបបាននេះនៅចំណុចខាងលើនោះ ជាឈើសុគ្រំប្រភេទលេខ១ រាប់រួចរាល់មានចំនួន៥០សន្លឹក ប្រភេទខ្លុំមុខកាត់២៥×២៥×២,២ម៉ែត្រ ចំនួន៥ដុំ ក្នុងនោះប្រភេទកូនក្រឡឹង៧ដុំ សរុប១២ដុំនិង៥០សន្លឹក។ លោកនាយសង្កាត់រដ្ឋបាលព្រៃឈើដុំក្រឡ បានបញ្ជាក់ថា ក្រោយពីរាប់បានដឹងនៅចំនួនឈើរួចរាល់ហើយនោះ លោកក៏បានហៅគោយន្តកន្ត្រៃមកដឹកជញ្ជូនយកឈើនោះ មករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត រួចរាល់អស់ហើយនៅល្ងាចថ្ងៃដដែល រីឯចំនួនម៉ែត្រគូបលោកថា: នៅមិនបានទាន់វាស់វែងដឹងនៅឡើយនោះទេ ព្រោះព្រលប់ហើយវាស់មិនទាន់ ចាំស្អែកព្រឹកទើបបានធ្វើការវាស់វែងឲ្យដឹងចំនួនម៉ែត្រគូបពិតប្រាកដ។

សូមបញ្ជាក់ថា: ទីតាំងដែលឈ្មួញដឹកជញ្ជូនឈើយកមកលាក់ទុកនៅចំណុចខាងលើនោះ ជាកន្លែងចាស់ដែលក្រុមឈ្មួញដឹកតាមម៉ូតូ ចល័តយកមកលាក់ទុកជាប្រចាំ ដែលជាកន្លែងសុខស្រួលហើយសមត្ថកិច្ចមួយចំនួន ក៏បានលាភសក្ការៈដើម្បីថ្នូបិទព័ត៌មាន និងជួយលាក់បាំងផងដែរ។ ហើយក៏ជាកន្លែងសមត្ថកិច្ចធ្លាប់ចុះបង្ក្រាបជាច្រើនលើកផងដែរ តែឈ្មួញដដែលនោះនៅមិនព្រមរាងចាល នៅតែបន្តការដឹកជញ្ជូនផលអនុផលព្រៃឈើ ទាំងនោះយកមកលាក់ទុកដដែលព្រោះមានមន្ត្រីគ្រាប់ល្ពៅស្ងោរជួយលាក់បាំង នៅចំណុចខាងលើនេះដដែលជាដដែល ហេតុដូច្នេះហើយទើបធ្វើឱ្យប្រជាពលរដ្ឋ ពួកគាត់រស់នៅទីនោះមានការងឿងឆ្ងល់ ថាសមត្ថកិច្ចចុះបង្រ្កាបជារឿយៗដែរ ហេតុអីនៅតែមានការដឹកជញ្ចូនឈើទាំងនោះនៅពេលយប់ យកមកលាក់ទុកដោយមិនរៀងចាលសោះ។

ដោយ៖មាស សុផាត


ចែករំលែក៖