តុលាការជប៉ុននាពេលថ្មីៗនេះ បានកោះហៅមេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុន ក្រោយពេលមានសំណើឲ្យផ្តល់សំណងពីពលរដ្ឋដើមកំណើតកូរ៉េខាងជើងនៅក្នុងទឹកដីជប៉ុន។
លោក Kenji Fukuda មេធាវីជប៉ុន តំណាងឲ្យដើមបណ្តឹងចំនួន៥បានឱ្យដឹងថា ចៅក្រមបានសម្រេចកោះហៅមេដឹកនាំកូរ៉េខាងជើង(ជារឿងកម្រ)មកបំភ្លឺ។ ប៉ុន្តែមេធាវី Kenji Fukuda មិនសង្ឃឹមថា កូរ៉េខាងជើងនឹងមានតំណាងមកកាន់តុលាការជប៉ុន ដែលនឹងបើកសវនាការនៅថ្ងៃទី ១៤ខែតុលាឆ្នាំ២០២១នោះទេ ។
នៅក្នុងពាក្យបណ្តឹង ជនជាតិកូរ៉េខាងជើងទាមទារប្រាក់សំណង ៩សែនដុល្លារអាមេរិកសម្រាប់ពាក្យបណ្តឹងនីមួយៗ ដោយចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្សពាក់ព័ន្ធកម្មវិធីតាំងទីលំនៅ។
មានពលរដ្ឋប្រមាណ៩៣ពាន់នាក់នៅជប៉ុន រួមជាមួយក្រុមគ្រួសារ ហើយក្នុងចំណោមនោះមានពលរដ្ឋជាច្រើនត្រូវបានរើសអើងនៅក្នុងទឹកដីជប៉ុន បានវិលត្រឡប់ទៅកាន់កូរ៉េខាងជើងវិញតាំងពីបុន្មានទសវត្សរ៍កន្លងមកក្នុងកម្មវិធីមាតុភូមិនិវត្តន៍។ ប៉ុន្តែក្រោយមកមានពលរដ្ឋជាច្រើនបានសម្រេចវិលត្រឡប់ទៅកាន់ជប៉ុនវិញដោយមិនទទួលបានឱកាសនៅក្នុងការងារក៏ដូចជាអបរំក្នុងកម្មវិធីនៅកូរ៉េខាងជើង ។
លោក Eiko Kawasaki អាយុ៧៩ឆ្នាំ ដែលជាដើមបណ្តឹងរួមជាមួយដើមបណ្តឹង៤នាក់ផ្សេងទៀតបានដាក់ពាក្យបណ្តឹងទៅកាន់តុលាការជប៉ុន នៅខែសីហាឆ្នាំ២០១៨ ។ ការសម្រេចកោះហៅមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន កើតឡើងក្រោយរយៈពេល៣ឆ្នាំនៃកិច្ចពិភាក្សាមុនពេលចេញសេចក្តីសម្រេច។
តាមការលើកឡើងរបស់មេធាវី Fukuda លោកមិនសង្ឃឹមថា មេដឹកនាំកូរ៉េខាងជើងនឹងសងសំណងនោះឡើយប្រសិនបើតុលាការជប៉ុនសម្រេចក្តី។ ប៉ុន្តែសាលក្រមនោះអាចជាឱកាសដើម្បីឲ្យជប៉ុននិងកូរ៉េខាងជើងពិភាក្សាគ្នានាពេលអនាគតដើម្បីធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងប្រទេសទាំងពីរ ៕
ដោយ៖ធីរីណា(រូបភាព៖ AP)