ព័ត៌មានទាន់ហេតុការណ៍៖

កាប់ប្លន់យកម៉ូតូហុងដាឌ្រីមបានសម្រេច នៅខណ្ឌដង្កោ

ចែករំលែក៖

ភ្នំពេញ ៖​ ជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពធាក់ផ្តូលម៉ូតូយុវជនម្នាក់ឲ្យដួលរួចហើយដកដាវកាប់ទាំងកំរោលបណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួសទើបប្លន់យកម៉ូតូទៅបាត់កាលពីវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃអង្គារ ទី៧ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ​ ត្រង់ចំណុចមុខបុរីឡុងនី​ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ ។

    ជនរងគ្រោះមានឈ្មោះពៅ វត្ថា ភេទ ប្រុស អាយុ២១ឆ្នាំ មុខរបកម្មកររោងចក្រនៅផ្លូវវេងស្រេងជិតក្រុមហ៊ុនហុងដា​ ស្នាក់នៅភូមិកណ្ដាល​ សង្កាត់រលួស​ខណ្ឌដង្កោ​ ។ 

    បេីតាមសម្ដីជនរងគ្រោះបានប្រាប់ឱ្យដឹងថា​ មុនពេលកើតហេតុគាត់បានចេញពីរោងចក្រក្នុងគោលបំណងត្រឡប់ទៅផ្ទះ​វិញ ដោយជិះម៉ូតូម៉ាក​ហុងដាឌ្រីម​ ស៊េរីឆ្នាំ២០២១​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញIR -0035 ធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ​ក្នុងទិសដៅពីជើងទៅត្បូង​ ខណៈមកដល់ចំណុចកើតហេតុខាងលើក៏លេចមុខជនសង្ស័យមានគ្នា៤នាក់​ជិះម៉ូតូពីរគ្រឿងមិនចាំម៉ាកមកពីក្រោយបានធ្វើសកម្មភាពធាក់ម៉ូតូគាត់ឲ្យដួល រួចដកដាវសាមូរ៉ៃកាប់ប្រហារមកលើរូបគាត់ជាច្រើនដាវបណ្ដាលឱ្យរងរបួសតែមិនធ្ងន់ធ្ងរ​ទេ រួចជនសង្ស័យបានលើកម៉ូតូជិះទៅត្បងឆ្ពោះទៅវត្តឫស្សីសាញ់គេចខ្លួនបាត់ដោយសុវត្ថិភាពមិនរំខានដល់សមត្ថកិច្ចឡេីយ​ ។ 

    ក្រោយកើតហេតុទេីបមានសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ​ និងបាននាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសដើម្បីឲ្យសមត្ថកិច្ចកំណត់មុខសញ្ញាស្រាវជ្រាវរកជនសង្ស័យទាំងនោះយកមកផ្ដន្ទាទោសតាមច្បាប់​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖