ព័ត៌មានទាន់ហេតុការណ៍៖

អតីតម្ចាស់ជើងឯកពិភពលោកបារាំង និងអតីតម្ចាស់ជើងឯកយូរ៉ូ ព័រទុយហ្គាល់ ឈ្នះដូចគ្នា ខណៈដាណឺម៉ាកមិនទាន់ស្គាល់រសជាតិចាញ់ក្នុងពូលF ក្នុងវគ្គជម្រុះ World Cup

ចែករំលែក៖

ការប្រកួតវគ្គជម្រុះ World Cup តំបន់អឺរ៉ុបបានបញ្ចប់ក្នុងសប្តាហ៍ទី៦ហើយ ក្នុងនោះក្រុមខ្លាំងៗកំពុងតែប្រជែងយកលេខ១ នៅក្នុងពូលរៀងៗខ្លួន។ ក្នុងនោះមានតែ៥ពូលប៉ុណ្ណោះដែលមានក្រុមខ្លាំងប្រកួតមិនដែលចាញ់ទាល់តែសោះ ហើយមានតែ២ពូលប៉ុណ្ណោះដែលមិនទាន់ស្គាល់រសជាតិស្មើគឺឈ្នះទាំងអស់។

សម្រាប់ការប្រកួតកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៨ កញ្ញានេះក្រុមអតីតម្ចាស់ជើងឯកពិភពលោក មាន់គកបារាំងបានបន្តយកជ័យជម្នះក្នុងលទ្ធផល២ទល់០ទៅលើក្រុមហ្វាំងឡង់ ដែល២គ្រាប់នេះរកបានដោយខ្សែប្រយុទ្ធ Antoine Griezmann។ ជ័យជម្នះនេះធ្វើបារាំងឡើងឈរលេខ១ក្នុងពូល D ក្នុងវគ្គជម្រុះ World Cup ២០២២ ដើម្បីត្រឡប់ទៅរកវិធីឈ្នះវិញ ក្រោយពីប្រកួតស្មើ២ប្រកួតជាមួយបូស្នៀ និងអ៊ុយក្រែនកន្លងមក បារាំងឈរកំពូលតារាងពូល D ដោយមាន១២ពិន្ទុពីការប្រកួត៦លើកនិងមាន ៧ពិន្ទុដាច់ពីក្រុមអ៊ុយក្រែនដែលឈរនៅលេខ២ ។

Griezmann បានធ្វើការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលនៃថ្ងៃផុតកំណត់នៃការផ្ទេរនៅពេលដែលគាត់ចាកចេញពី Barcelona ដើម្បីចូលរួមជាមួយ Atletico Madrid ឡើងវិញក្នុងលក្ខខណ្ឌខ្ចីជើង កីឡាករវ័យ៣០ឆ្នាំរូបនេះមិនទាន់បានលេងឱ្យក្លិបថ្មីរបស់គាត់ទេ ប៉ុន្តែឥឡូវនេះបានស៊ុតបញ្ចូលទី៣គ្រាប់ក្នុងការបង្ហាញខ្លួនជាអន្តរជាតិលើកចុងក្រោយរបស់គាត់។

ចំណែកជ័យជម្នះរបស់ព័រទុយហ្គាល់ប្រកបដោយផាសុកភាពលើក្រុមអាស៊ែបៃហ្សង់ក្នុងលទ្ធផល ៣ទល់០ បានធ្វើឱ្យក្រុមព័រទុយហ្គាល់ឡើងទៅឈរនៅលើកំពូលតារាងនៃពូល A ប៉ុន្តែការឡើងដោយស្វ័យប្រវត្តិក្នុងការប្រកួតជម្រុះ World Cup នៅមិនទាន់កក់ក្តៅនៅឡើយទេ

៣គ្រាប់របស់ក្រុមព័រទុយហ្គាល់រកបានដោយកីឡាករ Bernardo Silva របស់ក្រុម Manchester City នៅនាទីទី២៦, គ្រាប់ទី២រកបានដោយកីឡាករ Andre Silva នៅនាទីទី៣១ និងគ្រាប់ទី៣រកបានដោយកីឡាករ Diogo Jota នៅនាទីទី៧៥។

ជ័យជម្នះជាលើកទី៣របស់ព័រទុយហ្គាល់នៃការប្រកួតជម្រុះ World Cup នេះធ្វើឲ្យក្រុមនេះឡើងឈរលេខ១ក្នុងពូលA មាន១៣ពិន្ទុដាច់ក្រុមលេខ២ ស៊ែប៊ីដែលមាន១១ពិន្ទុ។ ការប្រកួតនៅសល់៣ប្រកួតទៀតសម្រាប់ព័រទុយហ្គាល់ដែលត្រូវជួបជាមួយលុចសំបួនៅថ្ងៃទី១២ ខែតុលាខាងមុខ

ដោយឡែកក្រុមឡើងជើងដាណឺម៉ាកបានបន្តជ័យជម្នះរបស់ខ្លួនដោយបំបាក់ក្រុមភ្ញៀវអ៊ីស្រាអែលក្នុងលទ្ធផល៥ទល់០ ធ្វើឲ្យក្រុមនេះបន្តកាន់កាប់កំពូលតារាងក្នុងពូលF ដោយ៦ប្រកួតកន្លងមកមិនទាន់ស្គាល់រសជាតិចាញ់ និងស្មើនោះទេគឺឈ្នះទាំង៦ប្រកួត មាន១៨ពិន្ទុ គ្រាប់បាល់ចំណេញស៊ុតបញ្ចូលទី២២គ្រាប់ មិនទាន់មានក្រុមណាស៊ុតចូលខ្លួននៅឡើយទេ។

៥គ្រាប់ដែលក្រុមដាណឺម៉ាករកបានកាលពីប្រកួតជាមួយអ៊ីស្រាអែលនោះគឺរកបានដោយកីឡាករ Poulsen នៅនាទីទី២៨, គ្រាប់ទី២រកបានដោយកីឡាករ Thorup Kjer នៅនាទីទី៣១, គ្រាប់ទី៣រកបានដោយកីឡាករ Olsen នៅនាទីទី៤១, គ្រាប់ទី៤រកបានដោយកីឡាករ Delaney នៅនាទីទី៥៧ និងគ្រាប់ទី៥រកបានដោយកីឡាករ Cornelius នៅនាទីទី៩០+១ ជិតចប់ការប្រកួតទៅហើយ។

លទ្ធផលនេះធ្វើឲ្យក្រុមដាណឺម៉ាកបន្តឈរលេខ១ក្នុងពូលF មាន១៨ពិន្ទុ ខណៈដែលស្កុតឡេនបានយកឈ្នះអូទ្រីសឡើងមកឈរចំណាត់ថ្នាក់លេខ២មាន១១ពិន្ទុ ហើយអ៊ីស្រាអែលឈរចំណាត់ថ្នាក់លេខ៤មាន១០ពិន្ទុ និងអូទ្រីសមាន៧ពិន្ទុ។ ចំណែកកោះហ្វ័កអ៊ីស៊្លែន (Faroe Islands ) ឈរចំណាត់ថ្នាក់លេខ៥មាន៤ពិន្ទុ រីឯក្រុមបាតតារាងគឺម៉ុលដូវ៉ាមានតែ១ពិន្ទុប៉ុណ្ណោះក្នុង៦ប្រកួតដូចគ្នា ៕

ដោយ៖ ភារៈ(រូបភាព៖ BBC Sport)


ចែករំលែក៖