ខេត្តបាត់ដំបង ៖ សមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យម្នាក់ដែលលួចយកសម្ភារនៅក្នុងយានដ្ឋានជួសជុលរថយន្តមួយកន្លែង ហើយបានបន្សល់ទុកនូវរូបថតធ្វើសកម្មភាពលួចនៅក្នុងកាមេរ៉ាសុវត្ថិភាពនោះ ត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនយកទៅចាត់ការតាមផ្លូវច្បាប់។
ករណីខាងលើនេះកម្លាំងសមត្ថកិច្ចបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា នៅចំណុចភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ។
សមត្ថកិច្ចជំនាញនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវតាមប្រមាញ់តាមរយៈរូបថតដែលជាប់នៅក្នុងកាមេរ៉ាសុវត្ថិភាពអស់រយៈពេល០៥ថ្ងៃទើបក្របួចជនដៃដល់រូបនេះបាន ។
យោងតាមរបាយការណ៍របស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានឱ្យដឹងថា ជនសង្ស័យឈ្មោះ សាយ សុភាព ហៅខ្មៅ អាយុ២៨ឆ្នាំ នៅភូមិកាប់គោថ្មី សង្កាត់អូរចារ ។ ជាមួយនឹងការឃាត់ខ្លួននេះសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ប៉ុស្ដិ៍ផ្សារដែក០១, ម៉ូទ័រឆាប០១ និង ម៉ូទ័រស្វានចំនួន២។
លោកឈឿងគឹមសុង ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឱ្យដឹងថា ជនដៃដល់ឈ្មោះ សាយ សុភាព ហៅ ខ្មៅ បានធ្វើសកម្មភាពលួចសម្ភារនៅក្នុងយានដ្ឋានជួសជុលរថយន្តមួយកន្លែងកាលពីវេលាម៉ោងរំលងអធ្រាត្រឈានចូលថ្ងៃទី០៧ ខែកញ្ញា នៅចំណុចភូមិអង្គ សង្កាត់អូរចារ ក្រុងបាត់ដំបង ដែលមានម្ចាស់ឈ្មោះ អៃ ត្រៃលក្ខណ៏ ហៅ វីរៈ ភេទប្រុស អាយុ៤១ឆ្នាំ។
លោកគឹម សុង បានបញ្ជាក់ថា សកម្មភាពជនសង្ស័យចូលលួចទ្រព្យសម្បត្តិបានជាប់នៅក្នុងកាមេរ៉ាសុវត្ថិភាព ដែលម្នាស់យានដ្ឋានបានបំពាក់ ហើយជននេះបានដើររុករកវត្ថុនានានៅក្នុងយានដ្ឋាន ហើយបានលួចយកសម្ភារមួយចំនួន ដែលកម្លាំងជំនាញរបស់លោកដកហូតបានខាងលើនេះ ។ ប៉ុន្តែយ៉ាងណាក្ដី ជនដៃដល់ត្រូវបានឃាត់ខ្លួន និងដកហូតបានវត្ថុតាងទាំងនោះយកទៅប្រគល់ជូនម្ចាស់វិញហើយ ក្រោយពីកម្លាំងការិយាល័យជំនាញធ្វើការស្រាវជ្រាវរយៈពេល០៥ថ្ងៃ ។
លោក ឈឿង គឹមសុង បានបញ្ជាក់ថា ពេលនេះ លោកស្នងការខេត្ត បានបញ្ជាឱ្យមន្ត្រីការិយាល័យរបស់លោកសួរនាំជនដៃដល់ ដើម្បីកសាងសំណុំរឿងបញ្ជូនជននេះទៅសាលាដំបូងខេត្ត ៕
ដោយ៖ អរុណរះ