ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នាក់ក្រោយធ្វើសកម្មភាពលួចសម្ភារប្រជាពលរដ្ឋបាន៥ថ្ងៃ

ចែករំលែក៖

​ខេត្តបាត់ដំបង ​៖ សមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យ​ម្នាក់ដែលលួច​យក​សម្ភារនៅ​ក្នុង​យានដ្ឋា​ន​ជួស​ជុល​រថយន្ត​មួយ​កន្លែង ហើយ​បាន​បន្សល់​ទុក​នូវ​រូបថត​ធ្វើសកម្មភាព​លួច​នៅក្នុង​កាមេរ៉ា​សុវត្ថិភាពនោះ ត្រូវ​បានសមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​យកទៅចាត់ការតាមផ្លូវច្បាប់។

ករណីខាងលើនេះកម្លាំងសមត្ថកិច្ចបានធ្វើឡើងកាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែកញ្ញា នៅ​ចំណុច​ភូមិ​កាប់​គោ​ថ្មី សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង​ ។ 

សមត្ថកិច្ចជំនាញ​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ធ្វើការ​ស្រាវជ្រាវ​តាម​ប្រមាញ់​តាមរយៈ​រូបថត​ដែល​ជាប់​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាពអស់រយៈ​ពេល​០៥​ថ្ងៃ​ទើប​ក្របួចជន​ដៃដល់​រូបនេះបាន ​។

​​យោងតាមរបាយ​ការ​ណ៍​របស់ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាលបានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ សាយ សុភាព ហៅ​ខ្មៅ អាយុ​២៨​ឆ្នាំ នៅ​ភូមិ​កាប់​គោ​ថ្មី សង្កាត់​អូរ​ចា​រ ។ ជាមួយនឹង​ការ​ឃាត់ខ្លួននេះសមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​រួម​មាន ប៉ុ​ស្ដិ៍ផ្សា​រដែក​០១, ម៉ូ​ទ័​រ​ឆាប​០១ និង ម៉ូ​ទ័​រ​ស្វាន​ចំនួន២។

លោកឈឿងគឹមសុង ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ឱ្យដឹង​ថា ជន​ដៃដល់​ឈ្មោះ សាយ សុភាព ហៅ ខ្មៅ បាន​ធ្វើ​សកម្មភាព​លួច​សម្ភារនៅ​ក្នុង​យានដ្ឋាន​ជួស​ជុល​រថយន្ត​មួយ​កន្លែងកាលពី​វេលា​ម៉ោង​រំលង​អ​ធ្រា​ត្រឈាន​ចូល​ថ្ងៃ​ទី​០៧ ខែកញ្ញា នៅ​ចំណុច​ភូមិ​អង្គ សង្កាត់​អូរ​ចារ ក្រុង​បាត់​ដំប​ង ដែល​មាន​ម្ចាស់​ឈ្មោះ អៃ ត្រៃ​លក្ខ​ណ៏ ហៅ វី​រៈ ភេទប្រុស អាយុ​៤១​ឆ្នាំ​។

លោក​គឹ​ម ​សុង បាន​បញ្ជាក់​ថា សកម្មភាព​ជនសង្ស័យ​ចូល​លួច​ទ្រព្យសម្បត្តិបាន​ជាប់​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព ដែល​ម្នាស់​យាន​ដ្ឋាន​បាន​បំពាក់ ហើយជន​នេះបាន​ដើរ​រុករក​វត្ថុ​នានា​នៅ​ក្នុង​យានដ្ឋាន ហើយ​បាន​លួច​យក​សម្ភារ​មួយ​ចំនួន ដែល​កម្លាំង​ជំនាញ​របស់​លោក​ដកហូត​បាន​ខាងលើ​នេះ​ ។ ប៉ុន្តែ​យ៉ាងណា​ក្ដី ជន​ដៃដល់​ត្រូវ​បាន​ឃាត់ខ្លួន និង​ដកហូត​បាន​វត្ថុ​តាង​ទាំងនោះ​យក​ទៅ​ប្រគល់​ជូនម្ចាស់​វិញហើយ ក្រោយ​ពីកម្លាំង​ការិយាល័យ​ជំនាញធ្វើការ​ស្រាវជ្រាវ​រយៈពេល​០៥​ថ្ងៃ​ ។ 

លោក ឈឿ​ង គឹ​ម​សុង បាន​បញ្ជាក់​ថា ពេល​នេះ ​លោកស្នងការ​ខេត្ត បាន​បញ្ជា​ឱ្យមន្ត្រី​ការិយាល័យ​របស់​លោកសួរនាំ​ជន​ដៃដល់ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ជន​នេះ​ទៅ​សាលាដំបូង​ខេត្ត​ ​៕ ​

ដោយ៖ អរុណរះ


ចែករំលែក៖