ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់កំពុងព្យាបាលជំងឺកូវីដ-១៩សម្រាលបានកូនប្រុសដោយសុវត្ថិភាពនៅមណ្ឌលវិទ្យាល័យ ហ៊ុនសែន ភូមិថ្មី

ចែករំលែក៖

ខេត្តរតនគិរី៖ ស្ត្រីម្នាក់ដែលមានផ្ទៃពោះគ្រប់ខែហើយវិជ្ជមានជំងឺកូវីដ-១៩ សម្រាលបានកូនប្រុសម្នាក់ដោយសុវត្ថិភាពទាំងម្តាយនិងកូនក្នុងមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែនភូមិថ្មី ស្ថិតនៅក្នុងភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។ នេះជាលើកទី៤ហើយនៅក្នុងខេត្តរតនគិរី ដែលមានអ្នកជំងឺមានមេរោគកូវីដ-១៩ត្រូវបានក្រុមគ្រូពេទ្យជួយសម្រាលកូនបានដោយជោគជ័យនៅមណ្ឌលព្យាបាល។

តាមការបញ្ជាក់ពីលោកស្រីវេជ្ជបណ្ឌិត ច័ន្ទ សុខលី ដែលប្រចាំការព្យាបាលនៅមណ្ឌលខាងលើបានឱ្យដឹងថា ស្រ្តីដែលក្រុមគ្រូពេទ្យជួយសម្រាលកូនដោយជោគជ័យនោះមានឈ្មោះ សៀង ណាក់ អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ០៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី បានចូលមកសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ ហើយបានឈឺពោះសម្រាលកូននៅវេលាម៉ោង០៣ទៀបភ្លឺ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ។ បច្ចុប្បន្នទាំងម្តាយ និងកូនមានសុខភាពល្អប្រសើរដូចគ្នា និងត្រូវបានមើលថែទាំយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យប្រចាំការនៅមណ្ឌលព្យាបាលផ្ទាល់។

ប្រជាពលរដ្ឋក្នុងខេត្តរតនគិរី ជាពិសេសក្រុមគ្រួសារអ្នកជំងឺកូវីដ-១៩ ដែលបានមកទទួលសេវាសម្ភពបានសម្ដែងការគោរព កោតសរសើរចំពោះការតាំងចិត្ត ភាពអង់អាចក្លាហានរបស់ក្រុមគ្រូពេទ្យជួរមុខដែលបានលះបង់ទាំងកម្លាំងកាយកម្លាំងចិត្តក្នុងការបម្រើសេវាសុខភាព និងសង្គ្រោះប្រជាពលរដ្ឋក្នុងពេលមានជំងឺកូវីដ-១៩៕

ដោយ៖ អ៊ុក ស៊ុនហេង


ចែករំលែក៖