ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសមួយរដ្ឋាភិបាលពីរនៅមីយ៉ាន់ម៉ា

ចែករំលែក៖

 

ការធ្វើរដ្ឋប្រហារកាលពីថ្ងៃទី ២ខែកុម្ភៈបាននាំឱ្យមីយ៉ាន់ម៉ាធ្លាក់ចូលក្នុងវិបត្តិ ជាពិសេសនៅពេលដែលរដ្ឋាភិបាលទាំងពីរកំពុងប្រជែងគ្នាយ៉ាងសកម្មដើម្បីស្វែងរកការទទួលស្គាល់ពីសហគមន៍អន្តរជាតិ។
នៅថ្ងៃទី១៧ ខែកញ្ញា ប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ាបានផ្សាយថា លោក Duwa Lashi La មេធាវីជនជាតិកាឈីន និងជាប្រធានាធិបតីសាមគ្គីជាតិសាសន៍ NUG បានប្រកាសពីសង្គ្រាម«ការពារប្រជាជន»ប្រឆាំងនឹងរដ្ឋាភិបាលយោធា ។ ការប្រកាសរបស់លោកទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង Twitter ដោយមានអ្នកចូលមើលជាង១លាននាក់ក្នុងរយៈពេលខ្លី។
លោក Duwa Lashi La បានអំពាវនាវដល់មន្ត្រីស៊ីវិលទាំងអស់ បោះបង់តំណែងរបស់ខ្លួនបច្ចុប្បន្ន ហើយបានស្នើដល់ក្រុមប្រដាប់អាវុធ របស់រដ្ឋាភិបាល NUG សំដៅទៅលើទ្រព្យសម្បត្តិ និងកម្លាំងសន្តិសុខរបស់យោធា ។ លោក Duwa Lashi La បញ្ជាក់ថា នេះជាការធ្វើបដិវត្តន៍របស់មហាជន។
ការតាំងខ្លួនជារដ្ឋាភិបាល ដើរទន្ទឹមនឹងរដ្ឋាភិបាលយោធារបស់លោក Duwa Lashi La ទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន និងអ្នកនយោបាយមកពីអតីតគណបក្សសាមគ្គីជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រីអោងសាន ស៊ូជី និងក្រុមមេដឹកនាំជនជាតិភាគតិចនៅក្នុងប្រទេសនេះ។
ក្នុងពេលនេះដែរ តាមសារព័ត៌មាន AFP នៅថ្ងៃទី១៧ខែកញ្ញា បានផ្សាយថា អតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី នឹងត្រូវតុលាការជំនុំជម្រះក្តី ពីបទចោទប្រកាន់ពាក់ព័ន្ធអំពើពុករលួយថែមទៀត ដែលអាចធ្វើឲ្យលោកស្រីត្រូវជាប់ពន្ធនាគារសរុបរាប់សិបឆ្នាំ។
លោកស្រី ស៊ូជី បានបន្តស្ថិតក្រោមការឃុំខ្លួននៅក្នុងផ្ទះចាប់តាំងពីរូបលោកស្រី និងរដ្ឋាភិបាលរបស់លោកស្រីត្រូវបានយោធាមីយ៉ាន់ម៉ាធ្វើរដ្ឋប្រហារទម្លាក់ពីអំណាច កាលពីខែកុម្ភៈ ឆ្នាំ២០២១។ បច្ចុប្បន្ន ម្ចាស់ពានរង្វាន់ណូបែលសន្តិភាពវ័យ៧៦ឆ្នាំរូបនេះ កំពុងស្ថិតក្រោមការជំនុំជម្រះក្តីជុំវិញករណីបំពានបម្រាម COVID-19, ករណីល្មើសច្បាប់នាំចូល និងករណីបង្កភាពចលាចលសង្គម ៕

ដោយ៖ធីរីណា(រូបថត៖Nikkei Asia+AFP)


ចែករំលែក៖