ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ កែវ វណ្ណថន៖​ ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចសហប្រតិបត្តិការប្រចាំខែសីហា និងលើកទិសដៅខែកញ្ញានេះ តាមរយៈប្រព័ន្ធវីដេអូ ZOOM

ចែករំលែក៖

ភ្នំពេញ៖ នេះបេី​យោង​តាមប្រភពព័ត៍មានពី​នាយកដ្ឋាន​អន្តោប្រវេសន៍​ បានឱ្យដឹងថា​ លោកនាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ នៅព្រឹកថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចសហប្រតិបត្តិការប្រចាំខែសីហា និងលើកទិសដៅខែកញ្ញា ឆ្នាំ២០២១ របស់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី។

កិច្ចប្រជុំនេះ បានធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ ZOOM  ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា អគ្គនាយករង, លោកឧត្តមសេនីយ៍ឯក កែម សារិន ប្រធាននាយកដ្ឋាន, លោក លោកស្រី អនុប្រធាននាយកដ្ឋាន និងនាយការិយាល័យទាំងអស់សរុប ៤០ នាក់ ស្រី ០២នាក់។

បន្ទាប់ពីស្តាប់របាយការណ៍របស់ការិយាល័យទាំងអស់ និងមតិចូលរួមរបស់លោកប្រធាននាយកដ្ឋាន និងលោក-លោកស្រី អនុប្រធាននាយកដ្ឋានរួចមក លោកនាយ​ឧត្តម​សេនីយ៍ កែវ វណ្ណថន បានណែនាំដល់គ្រប់ការិយាល័យជំនាញទាំងអស់ ពិនិត្យលើការបែងចែកវេនបំពេញការងាររបស់មន្រ្តីក្រោមឱវាទ ធ្វើយ៉ាងណាធានាបាននូវនិរន្តរភាពការងារ និងប្រសិទ្ធភាពការងារ។ បន្ថែមពីនេះ លោកនាយឧត្តមសេនីយ៍ ក៏បានណែនាំឲ្យត្រៀមចុះអនុវត្តដកបទពិសោធន៍ ការងារគ្រប់គ្រងវត្តមានជនបរទេសតាមប្រព័ន្ធ FPCS ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តព្រះសីហនុផងដែរ។ 

ជាចុងក្រោយ លោកនាយឧត្តមសេនីយ៍ កែវ វណ្ណថន បានផ្តាំផ្ញើឲ្យមន្រ្តីទាំងអស់ យកចិត្តទុកដាក់ថែរក្សាសុខភាព ក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី Delta និងត្រូវទៅទទួលវ៉ាក់សាំងដូសទី៣ ឱ្យ​បានគ្រប់ៗគ្នា៕

ដោយ​៖សហការី​


ចែករំលែក៖