ភ្នំពេញ ៖ រថយន្តហុីយ៉ាន់ដឹកឥដ្ឋមួយគ្រឿងបេីកបរដោយបុរសម្នាក់មិនប្រយ័ត្ន បានជ្រុលទៅបុកគូទរថយន្តកូរ៉ូឡាពីក្រោយ ធ្វេីឲ្យរថយន្តកូរ៉ូឡារេចង្កូតឡើងលើសួនច្បារពុះចែកទ្រូងផ្លូវបុកបង្គោលបង្ហាញទិសចរាចរណ៍បាត់អស់ពីរដើម កាលពីវេលាម៉ោង ១ និង ៣០នាទីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវ២១៧(ចំការដូង) ក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុនោះគេឃើញបុរសម្នាក់បើករថយន្តម៉ាក កាមរីកូរ៉ូឡា ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2B-3652 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនល្មម ស្រាប់តែមកដល់ចំណុចកើតហេតុក៏មានរថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B -6458 ដែលដឹកឥដ្ឋឡេីងពេញរថយន្តធ្វេីដំណេីរមកពីក្រោយក្នុងល្បឿនលឿនជ្រុលមកបុកគូទរថយន្តកូរ៉ូឡាពេញទំហឹងបណ្ដាលឲ្យរថយន្តកូរ៉ូឡារេចង្កូតមកឆ្វេងដៃឡើងលើសួនពុះចែកទ្រូងផ្លូវជ្រុលទៅបុកបង្គោលបង្ហាញទិសចរាចរណ៍បាក់អស់ចំនួនពីរដេីមបន្ថែមទៀត ។ ចំណែករថយន្តដឹកឥដ្ឋបានបើករត់គេចរហូតទៅដល់ចំណុចស្តុបបាគូទើបប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវដេញឃាត់បានប្រគល់មកឲ្យសមត្ថកិច្ចមូលដ្ឋានចរាចរណ៍ខណ្ឌដង្កោ ។
គួរបញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនមានអ្នកណាម្នាក់រងរបួសនោះទេ ដោយគ្រាន់តែខូចខាតបង្គោលបង្ហាញទិសដៅចរាចរណ៍ចំនួនពីរដេីម និងរថយន្តកូរ៉ូឡាមួយគ្រឿងតែប៉ុណ្ណោះ ។
ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ បានចុះទៅដល់កន្លែងកើតហេតុដោយបានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោធ្វើការវាស់វែងនិងស្ទូចយករថយន្តកូរ៉ូឡានឹងរថយន្តដឹកឥដ្ឋមករក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោ រង់ចាំដោះស្រាយគ្នានាពេលក្រោយ ៕
ដោយ ៖ ភារ៉ា ដង្កោ