ព័ត៌មានទាន់ហេតុការណ៍៖

លោកស សុខា ដឹកនាំប្រជុំតាមដានវឌ្ឍនភាពការងារសាងសង់រោងតម្កល់ទូក “កម្ពោជិកបុត្តាខេមរាតរី”

ចែករំលែក៖

ភ្នំពេញ ៖ លោក ស សុខា ប្រធានអនុគណៈកម្មការសាងសង់រោងតម្កល់ទូក ដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារសាងសង់រោងតម្កល់ទូក “កម្ពោជិកបុត្តាខេមរាតរី” (ទូក ង វែងជាងគេលើពិភពលោក) តាមប្រព័ន្ធវីដេអូ Zoom នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ នេះ។

សូមរម្លឹកថា ទូក ង វែងជាងគេប្រវែងជិត ១០០ម៉ែត្រ របស់កម្ពុជា បានបំបែកឯតទគ្គកម្មពិភពលោក Guinness World Records កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨។ លោក Pravin Patel ជាអ្នកវិនិច្ឆ័យ និងពិនិត្យវាយតម្លៃលក្ខណៈបច្ចេកទេសទូក ង វែងជាងគេ។ ទូក ង មានប្រវែងបណ្តោយសរុប ៨៧.៣០ម៉ែត្រ ទទឹងធំបំផុតប្រវែង ១.៩៤ម៉ែត្រ និងជម្រៅទូក ០.៨០ ម៉ែត្រ។ ចំណុះទូកមានចំនួន ១៧៩ នាក់។

  ទូក ង ដែលមានប្រវែង វែងជាងគេលើពិភពលោក ត្រូវបានប្រសិទ្ធនាមថា “កម្ពោជិកបុត្តាខេមរាតរី” ដែលមានន័យថា “ទូក ង របស់កូនខ្មែររស់នៅក្នុងដែនដីកម្ពុជា”។ ទូក ង នេះធ្វើពីឈើគគីរ ចំនួន ៦ដើម ហើយក្បាលទូក ឆ្លាក់ចេញជាក្បាលនាគ ឯកន្ទុយត្រូវបានឆ្លាក់ជាកន្ទុយហង្ស។ ការផលិត បានប្រើប្រាស់រយៈពេលចំនួន ១៩២ថ្ងៃ។

កម្មវិធីកំណត់ត្រាបំបែកឯតទគ្គកម្មពិភពលោក ទូក ង វែងជាងគេ បានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតំបន់ទីប្រជុំជនអ្នកលឿងត្រើយខាងកើត ស្ថិតក្នុងឃុំព្រែកខ្សាយ ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ដោយមានការចូលរួមពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាង Guinness World Records ចុះមកពិនិត្យមើលវាយតម្លៃលក្ខណៈបច្ចេកទេស ខ្នាតរបស់ទូក និងការអុំបង្ហាញជាក់ស្តែង។

គួរបញ្ជាក់ថា សហភាពសហព័ន្ធយុវជនកម្ពុជា បានបំបែកឯតទគ្គកម្មពិភពលោក ចំនួន៤លើកហើយ គឺ១.ការធ្វើនំអន្សមយក្ស នៅក្នុងឆ្នាំ២០១៥។ ២.ការរាំម៉ាឌីហ្សូនចាក្រុមនៅក្នុងឆ្នាំ២០១៥។ ៣.ក្រម៉ាវែងជាងគេលើពិភពលោកនៅក្នុងឆ្នាំ២០១៨ និង៤.ការផលិតទូក ង វែងជាគេនៅក្នុងឆ្នាំ២០១៨៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖