ព័ត៌មានទាន់ហេតុការណ៍៖

លោក គឹម សន្តិភាព ៖ អំពើបន្តគ្រប់គ្រង និងដឹកនាំគណបក្សនយោបាយដែលតុលាការសម្រេចរំលាយជាស្ថាពរ គឺជាអំពើល្មើសច្បាប់!

ចែករំលែក៖

ភ្នំពេញ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ លោកសូមជម្រាបជូនថា៖ 

អាជ្ញាធរមានសមត្ថកិច្ច មានភារកិច្ចក្នុងការត្រួតពិនិត្យបទល្មើស កំណត់អត្តសញ្ញាណ និងចាប់ជនល្មើស ព្រមទាំងប្រមូលវត្ថុតាង! 

លោករដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា, អំពើបន្តគ្រប់គ្រង និងដឹកនាំគណបក្សនយោបាយដែលតុលាការសម្រេចរំលាយជាស្ថាពរ គឺជាអំពើល្មើសច្បាប់! 

មធ្យោបាយប្រមូលភស្តុតាងពីជនល្មើស តាមរយៈការស្តាប់តាមទូរស័ព្ទពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ត្រូវបានអនុញ្ញាតដោយអនុលោមតាមច្បាប់! 

ហេតុនេះ សមត្ថកិច្ចមានភារកិច្ចតាមដានឃ្លាំមើលនូវរាល់សកម្មភាពរបស់ក្រុមឧទ្ទាមដែលកំពុងតែប្រព្រឹត្តបទល្មើស និងរៀបចំគម្រោងបង្កអសន្តិសុខក្នុងសង្គមនៅកម្ពុជា!

លោក គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ បានលើកឡើងពីផ្លូវច្បាប់ថា, មាត្រា ៤២.ថ្មី ,ត្រូវពិន័យជាប្រាក់ចំនួន ១០ ០០០ ០០០ (ដប់លាន)រៀល ដល់ ២០ ០០០ ០០០ (ម្ភៃលាន)រៀល និង/ឬផ្តន្ទាទោសដាក់ពន្ធនាគារពី ០១(មួយ)ខែ ដល់ ០១(មួយ)ឆ្នាំ ចំពោះជនណាដែលបានប្រព្រឹត្តករណីមួយដូចខាងក្រោម ៖ 

១-បន្តគ្រប់គ្រង ឬដឹកនាំគណបក្សនយោបាយដែលក្រសួងមហាផ្ទៃមិនយល់ព្រមឲ្យចុះបញ្ជី

គណបក្សនយោបាយ ។

 ២-បន្តគ្រប់គ្រង ឬដឹកនាំគណបក្សនយោបាយដែលតុលាការបានសម្រេចរំលាយជាស្ថាពរ។

 ៣-គ្រប់គ្រង ឬដឹកនាំគណបក្សនយោបាយដោយមិនបានសុំចុះឈ្មោះក្នុងបញ្ជីគណបក្ស នយោបាយ ក្នុងរយៈពេលលើសពី ១៨០ (មួយរយប៉ែតសិប)ថ្ងៃ គិតចាប់ពីថ្ងៃធ្វើការបោះឆ្នោតជ្រើស តាំងគណៈកម្មាធិការបណ្តោះអាសន្នដូចមានចែងក្នុងមាត្រា ៩ នៃច្បាប់នេះ ។

៤-នៅតែបន្តធ្វើសកម្មភាពក្នុងនាមគណបក្សនយោបាយ ទោះជាមានសេចក្តីសម្រេចផ្អាក សកម្មភាពគណបក្សនយោបាយនោះក៏ដោយ។

៥-នៅតែបន្តបើកទីស្នាក់ការគណបក្សនយោបាយខ្លួន ទោះជាមានសេចក្តីសម្រេចស្ថាពររបស់ តុលាការសម្រេចរំលាយគណបក្សនយោបាយនោះក៏ដោយ ។

លោកបន្តថា, មាត្រា ៥៦.  បេសកកម្មរបស់នគរបាលយុត្តិធម៌ នគរបាលយុត្តិធម៌ គឺជាជំនួយរបស់អំណាចតុលាការ ។ នគរបាលយុត្តិធម៌មានភារកិច្ចធ្វើការត្រួតពិនិត្យបទឧក្រិដ្ឋ បទមជ្ឈិម និងបទលហុ កំណត់ អត្តសញ្ញាណ និងចាប់ជនល្មើស ព្រមទាំងប្រមូលភស្តុតាង ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖