ខេត្តព្រះសីហនុ៖ ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃព្រហស្បតិ៍ទី២៣ ខែកញ្ញា ឆ្នាំ២០២១ បានធ្វើប្រតិបត្តិការបង្ក្រាបករណី លួចមានស្ថានទម្ងន់ទោសដោយការគាស់ទំលុះទំលាយ ក្នុងនោះមានជនសង្សយ័ចំនួន៣នាក់ត្រូវបានឃាត់ខ្លួន ក្រោយពីការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានទទួលព័ត៌មានតាមទូរស័ព្ទពីឈ្មោះ កែវ ចំរើន ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ ជាបុគ្គលិកសណ្ឋាគារកាស៊ីណូ ស៊ីន នាវ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ មានករណីគាស់ទ្វារចូលក្នុងសណ្ឋាគារ ធ្វើសកម្មភាពលួចយកសម្ភារៈចេញពីក្នុងទីតាំង ។
លោក ជួន ណារិន្ទ បានឱ្យដឹងទៀតថា បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញបានចុះទៅកាន់កន្លែងកើតហេតុ និងធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់ ដែលកំពុងធ្វើសកម្មភាពក្នុងទីតាំងនោះ ហើយពួកគេបម្រុងដឹកសម្ភារៈជាច្រើនចេញពីក្នុងទីតាំង ដែលក្នុងនោះមានដូចជា៖ ទូទឹកកក, កង្ហា, ម៉ាស៊ីនត្រជាក់, ទូបោកខោអាវ, ចង្ក្រានហ្គាស, ម៉ាស៊ីនគិតលុយ, វាំងនន និង ឈើតុក្កតាបេងចំនួន០៤ ។
ជនសង្ស័យដែលកម្លាំងនគរបាលជំនាញឃាត់ខ្លួនបានមានអត្ដសញ្ញាណដូចខាងក្រោម៖
១-ឈ្មោះ ឃុន ម៉ៅ ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ សា្នក់នៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ (អ្នកទទួលផល)។
២-ឈ្មោះ ឈាង ចន្ថា ហៅអាប្រុស ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្ដោះអាសន្នភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ (សហចារី)។
៣-ឈ្មោះ ពេជ្រ ចាន់ថេត ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករនេសាទ ស្នាក់នៅបណ្ដោះអាសន្នក្រុម៣ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ (សហចារី) ។
ដោយឡែកសម្ភារវត្ថុតាងដកហូតបានរួមមាន៖
ម៉ូតូ០១គ្រឿង (មធ្យោបាយធ្វើសកម្មភាព) និងឧបករណ៍សម្រាប់ធ្វើសកម្មភាពគាស់ លួចសម្ភារៈ ជាច្រើនទៀត រួមទាំងសម្ភារៈ របស់របរប្រើប្រាស់ និងគ្រឿងបរិក្ខាជាច្រើនដូចរៀបរាប់ខាងលើ ។
គួរបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យមានអត្ដសញ្ញាណខាងលើ កម្លាំងជំនាញបាននាំមកកាន់ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងបន្ដសាកសួរ និងចាត់ការតាមនីតិវិធី៕
ដោយ៖សហការី