ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់មានជំងឺប្រចាំកាយគិតខ្លីចងកសម្លាប់ខ្លួននៅរោងរថយន្តបន្ទាយកងរាជអាវុធហត្ថស្រុកចាស់ទាំងកណ្ដាលយប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងសមត្ថកិច្ចទាំងកណ្ដាលយប់ ខណ:ដែលគេប្រទះឃើញបុរសម្នាក់ចងកសម្លាប់ខ្លួននៅក្នុងរោងរថយន្តបន្ទាយកងរាជអាវុធហត្ថស្រុកចាស់ដែលគេសង្ស័យថាជំងឺរើឡើងធ្វើទុក្ខខ្លាំងនាំឱ្យជនរងគ្រោះទ្រាំមិនបានទើបដាច់ចិត្តគិតខ្លីបែបនេះ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៥៥នាទីយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចភូមិចក ឃុំកំពង់ចក ស្រុករំដួល។

សមត្ថកិច្ចនគរបាលស្រុករំដួលបានឱ្យដឹងថា បុរសគិតខ្លីមានឈ្មោះ កើត សុភី អាយុ ៤៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើត ហេតុខាងលើ។

បើតាមកូនរបស់ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា ឪពុករបស់ខ្លួនមានជំងឺប្រចាំកាយយូរឆ្នាំមកហើយដោយគាត់បានទៅព្យាបាលនៅមន្ទីរពេទ្យនិងផឹកថ្នាំសង្កូវដែរ ប៉ុន្តែមិនបានធូរស្រាលសោះ ណាមួយគាត់មិនចង់ឱ្យប្រពន្ធកូនពិបាកចិត្តផងទើបបានជាគាត់គិតខ្លីបែបនេះ។

សមត្ថកិច្ចបានឱ្យដឹងទៀតថា បុរសខាងលើពិតជាបានចងកសម្លាប់ខ្លួនប្រាកដមែន ដោយមិនមានស្លាកស្នាមអ្វីដែលសម្គាល់ថាជារឿងឃាតកម្មនោះទេ គឺជនរងគ្រោះបានដើរទៅរោងរថយន្តបន្ទាយកងរាជអាវុធហត្ថស្រុកចាស់មានចម្ងាយពីផ្ទះប្រមាណ៤០ម៉ែត្រហើយយកក្រមាចងកភ្ជាប់ទៅនឹងធ្នឹមបណ្តាលឱ្យស្លាប់តែម្តង។

សពក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុនិងប្រគល់ឱ្យគ្រូពេទ្យធ្វើតេស្តរកជំងឺកូវីដ-១៩ ហើយជាលទ្ធផលអវិជ្ជមាន រួចទើបប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ យឹម សុថាន


ចែករំលែក៖