ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧត្ដមភរិយារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានចាត់ឱ្យតំណាងចុះសួរសុខទុក្ខ​ និងនាំយកនូវផ្លែដូងក្រអូបដ៏ឈ្ងុយឆ្ងាញ់ល្អសម្រាប់សុខភាពចំនួន​ ៧០០ផ្លែ ដែលដាំដោយផ្ទាល់ដៃរបស់សម្ដេច មកប្រគល់ជូនដល់កុមារី-យុវនារី​ នៃអង្គការអាហ្វេស៊ីបកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧត្ដមភរិយារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះ បានចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ នាយិកាខុទ្ទកាល័យសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត និងសហការី​ ចុះសួរសុខទុក្ខ​ និងនាំយកនូវផ្លែដូងក្រអូបដ៏ឈ្ងុយឆ្ងាញ់ល្អសម្រាប់សុខភាពចំនួន​ ៧០០ផ្លែ ដែលដាំដោយផ្ទាល់ដៃរបស់សម្ដេច មកប្រគល់ជូនដល់កុមារី-យុវនារី​ នៃអង្គការអាហ្វេស៊ីបកម្ពុជា​ ដែលស្ថិតនៅខណ្ឌដង្កោ​ រាជធានីភ្នំពេញ​។ 

ជាមួយនឹងការពាំនាំនូវការសួរសុខទុក្ខ​ ក្តីអាណិតស្រឡាញ់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជូនចំពោះកុមារី-យុវនារីទាំងអស់​ លលោកស្រី ម៉ែន នារីសោភ័គ បានថ្លែងថា «ដោយក្ដីនឹករលឹក អាណិតអាសូរចំពោះចៅៗ ដែលរងគ្រោះដោយការរំលោភសេពសន្ថវៈពីឪពុក ឬជីតាខ្លួន រងនូវអំពើហិង្សាក្នុងគ្រួសារ និងខ្លះទៀតត្រូវឪពុកម្ដាយបោះបង់ចោល ក្លាយជាក្មេងកំព្រា បានមករស់នៅក្នុងអង្គការអាហ្វេស៊ីបកម្ពុជា ទើបសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្ដទុកដាក់ខ្ពស់ ផ្ដល់ក្ដីអាណិតស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ ជួយផ្គត់ផ្គង់​ ផ្ដល់ភាពកក់ក្ដៅ និងក្ដីសង្ឃឹមជូនចៅៗដោយមិនរំលង ទោះស្ថិតនៅក្នុងពេលការរាតត្បាតជំងឺកូវីដ-១៩ក៏ដោយ។ ជាក់ស្ដែងនៅថ្ងៃនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យតំណាង នាំយកនូវផ្លែដូង ដែលជាទិន្នផលកើតចេញពីការខិតខំដាំដុះដោយផ្ទាល់របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត​ យកមកជូនកូនៗចៅៗនៅក្នុងអង្គការនេះ ជាមួយនឹងការផ្ដាំផ្ញើសួរសុខទុក្ខ ផ្ដល់ជាកម្លាំងចិត្ដ ដល់កូនៗចៅៗ មិនឱ្យឯកានោះឡើយ​ ហេីយបេីទោះបីជា​ សម្ដេច មិនបានអញ្ជើញមកផ្ទាល់ ក៏សម្ដេចបានទំនាក់ទំនងសួរសុខទុក្ខដល់ចៅៗជាប់ជានិច្ច តាមបណ្ដាញសង្គម ឬតាមរយៈទូរស័ព្ទជាដើម។»

លោកស្រី បានគូសបញ្ជាក់ថា «ថ្វីត្បិតតែ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី ហ៊ុនសែន ជាភរិយារបស់នាយករដ្ឋមន្ដ្រីកម្ពុជា ប៉ុន្តែសម្ដេច នៅតែដាំដុះបន្លែផ្លែឈើដោយផ្ទាល់ ម្យ៉ាងដោយសារតែមាតាមនុស្សធម៌ កើតក្នុងត្រកូលជាកសិករផង និងមានចំណង់ចំណូលចិត្តក្នុងការដាំដុះផង។ ដូច្នេះហេីយ ផ្លែដូងដ៏ឈ្ងុយឆ្ងាញ់ល្អសម្រាប់សុខភាពក្មេងៗ បានបង្ហាញនូវបេះដូងនៃសេចក្ដីស្រឡាញ់ និងការគិតគូរ របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើជូនចៅៗ ដែលកំពុងរស់នៅដ៏កក់ក្ដៅនៅអង្គការអាហ្វេស៊ីបកម្ពុជា ក្នុងអគារដ៏ធំស្កឹមស្កៃ ដែលបានផ្ដល់ជូនដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា។»

ក្នុងឱកាសនោះដែរ កុមារី-យុវនារីទាំងអស់ បានសម្ដែងនូវការរំភើបរីករាយយ៉ាងខ្លាំង ដែលទទួលបានក្ដីអាណិតស្រឡាញ់ ការយកចិត្ដទុកដាក់ និងការលើកទឹកចិត្ដពី លោកយាយមនុស្សធម៌​ លោកយាយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលនេះជាការផ្ដល់កម្លាំងចិត្ដដល់កុមារៗដែលកំពុងរងនូវសម្ពាធផ្លូវចិត្ដនេះ ឱ្យមានក្ដីសង្ឃឹមក្នុងការរស់នៅ និងបំបាត់នូវការឈឺចាប់ដែលធ្លាប់ជួបប្រទះកន្លងមក ហ៊ានប្រឈមមុខ និងប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីកសាងអនាគត ជានារីដ៏រឹងមាំ ខ្លាំងពូកែ ដើរតាមវីរគំរូរបស់​ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ 

ទន្ទឹមនឹងនោះ លោកស្រី ម៉ម សុម៉ាលី ស្ថាបនិកនៃអង្គការអាហ្វេស៊ីបកម្ពុជា បានថ្លែងនូវអំណរគុណដល់អ្នកម្ដាយមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ដែលបាននៅក្បែរកូនៗនិងចៅៗគ្រប់ពេលវេលា។ លោកស្រី សូមថ្លែងអំណរគុណដល់សន្ដិភាព អរគុណដល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​ ដែលមានគុណធំបំផុត មិនអាចកាត់ថ្លៃបាន ដែលនាំឱ្យប្រទេសមួយនេះ មានសុខសន្ដិភាព​ ស្ថិរភាព​ និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។ ដូច្នេះនៅក្នុងឱកាសនេះ កូនចៅទាំងអស់គ្នា សូមគោរពថ្លែងនូវការដឹងគុណចំពោះសម្ដេចទាំងទ្វេ​ និងសូមប្ដេជាចិត្ដ ធ្វើជាមនុស្សល្អនៅក្នុងសង្គម ដើរតាមគន្លងធម៌របស់លោកទាំងពីរជានិច្ច។

សូមជម្រាបជូនថា​ ក្នុងឱកាសនាំយកនូវផ្លែដូង ចំនួន ៧០០ផ្លែ ជូនដល់កុមារនៅអង្គការអាហ្វេស៊ីបកម្ពុជា ក៏មាននូវអំបុក ផ្លែចេក នំភីហ្សា និងនំដូណាត់ ដែលជាចំណង់ចំណូលចិត្ដរបស់កុមារៗផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖