ភ្នំពេញ៖ បើយោងតាមផេកបញ្ជាការដ្ឋានកងទ័ពជើងគោក បានបញ្ជាក់អោយដឹងថា, ក្រោមការគិតគូរយកចិត្តទុកដាក់ចំពោះ សុខទុក្ខ ការស់នៅ បំពេញភារកិច្ចការពារបូរណៈភាពទឹកដីតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ របស់នាយ-ពលទាហាន កងការពារព្រំដែនលេខ៥០៤ ពីសំណាក់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក លោកបានឧបត្ថម្ភ វិទ្យុទាក់ទងម៉ាកKenwood ចំនួន ៥គ្រឿង, អាគុយចំនួន ៣ធុង, ទឹកក្រូច ៤០កេស និងនំធុង ៤០កេស ក្នុងរដូវកាលបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ និងដើម្បីបម្រើការងារអង្គភាព។
អំណោយដ៏ថ្លៃថ្លារបស់លោក មេបញ្ជាការកងទ័ពជើងគោក ត្រូវបាន ឧត្តមសេនីយ៍ទោ ទៀន សោភ័ណវង្ស នាយសេនាធិការរង នាយការិយាល័យព្រំដែនកងទ័ពជើងគោក នាំយកផ្តល់ជូនកងការពារព្រំដែនលេខ៥០៤ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១។
លោកឧត្តមសេនីយ៍ទោ ទៀន សោភ័ណវង្ស បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីសំណាក់ លោក មេបញ្ជាការកងទ័ពជើងគោក ចំពោះ សុខទុក្ខ ការស់នៅ របស់នាយ-ពលទាហាន កងការពារព្រំដែនលេខ៥០៤។ ជាមួយនេះផងដែរ ឧត្តមសេនីយ៍ទោ ទៀន សោភ័ណវង្ស បានសំណូមពរដល់វរៈកងទ័ពជួរមុខទាំងអស់ត្រូវថែរក្សារសុខភាព និងត្រូវបន្តអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ ក្រសួងសុខាភិបាល ពិសេសអនុវត្តន៍ឲ្យបានម៉ឺងម៉ាត់តាមវិធានការ ៣ការពារ និង ៣កុំ របស់សម្តេចតេជោ ហ៊ុន សែន ទោះបីយើងទាំងអស់គ្នាបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួចហើយកដោយ។
លោកវរសេនីយ៍ឯក យ៉យ ស៊ីដូ មេបញ្ជាការ កងការពារព្រំដែនលេខ៥០៤ បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ លោក មេបញ្ជាការកងទ័ពជើងគោក ចំពោះការយកចិត្តទុកដាក់គ្រប់បែបយ៉ាងពីសុខទុក្ខ និងជីវភាពរស់នៅរបស់យោធិនគ្រប់រូប ព្រមទាំងបានប្តេជ្ញាចិត្តថែរក្សា និងប្រើប្រាស់ដើម្បីបម្រើផលប្រយោជន៍អង្គភាព៕
ដោយ៖ ស សម