ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ចេញសេចក្តី​ជូនដំណឹងស្តីពីការផ្អាកចរាចរណ៍បណ្តោះអាសន្នយានយន្តដឹកជញ្ជូនធុនធំគ្រប់ប្រភេទដែលធ្វេីដំណេីរឆ្លងកាត់តាមកំណាត់ផ្លូវខេត្តលេខ២៦៨A​(ព្រៃមាន់​ដល់អាងត្រពាំងថ្ម​ស្រុកភ្នំស្រុក)​

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃនេះមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ មានកិត្តិយសជម្រាបជូនដំណឹងដល់សាធារណៈជននិងបងប្អូនប្រជាពលរដ្ឋជាពិសេស ក្រុមហ៊ុនដឹកជញ្ជូនទំនិញធុនធំគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវខេត្តលេខ២៦៨អាចាប់ពីព្រៃមាន់ ដល់ អាងត្រពាំងថ្ម ស្រុកភ្នំស្រុក មេត្តាជ្រាបថា បន្ទាប់ពីទទួលរងឥទ្ធិពលនឹងភ្លៀងធ្លាក់ជាបន្តបន្ទាប់បណ្ដាលឲ្យមានទឹកជំនន់ទឹកភ្លៀងលិច និងហូរកាត់ផ្លូវមួយចំនួននៅក្នុងខេត្តបន្ទាយមានជ័យ ជាពិសេសកំណាត់ផ្លូវលេខ២៦៨អា ចាប់ពីព្រៃមាន់ ដល់ អាងត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

យោងតាមស្ថានភាពដូចបានជម្រាបជូនខាងលើ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ សូមធ្វើការផ្អាកចរាចរណ៍បណ្ដោះអាសន្ននូវ យានយន្តដឹកជញ្ជូនធុនធំគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវខេត្តលេខ២៦៨អាចាប់ពី ព្រៃមាន់ ដល់ អាងត្រពាំងថ្មស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងសារជាថ្មី ដើម្បីកសាងផ្លូវថ្នល់ស្ពានកុំឱ្យបាក់ស្រុតនិងធានាដល់ការធ្វើចរាចរណ៍ប្រកបដោយសុវត្ថិភាព ដោយឡែកចំពោះរថយន្តគ្រួសារប្រភេទទេសចរណ៍អាចធ្វើចរាចរណ៍ឆ្លងកាត់បានជាធម្មតា។

ក្រោយពីទទួលបាន សេចក្តីជូនដំណឹងនេះមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ សង្ឃឹមយ៉ាងមុតមាំថាបងប្អូនប្រជាពលរដ្ឋ និងក្រុមហ៊ុនដឹកជញ្ជូនទំនិញធុនធំទាំងអស់ នឹងអនុវត្តតាម សេចក្តីជូនដំណឹងនេះប្រកបដោយស្មារតីទទួលខុសត្រូវដើម្បីចូលរួមចំណែកថែរក្សាផ្លូវ ថ្នល់ ស្ពាន ប្រើប្រាស់បានយូរអង្វែង៕

ដោយ៖ ស សម


ចែករំលែក៖