ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិន៤នាក់និងអ្នកនាំផ្លូវម្នាក់ បម្រុងឆ្លងដែនខុសច្បាប់ ត្រូវបានឃាត់ខ្លួនដោយកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនជាតិចិនចំនួន ៤នាក់បម្រុងឆ្លងដែនទៅធ្វើការនៅប្រទេសថៃ ត្រូវបានឃាត់ខ្លួនដោយកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ កាលពីវេលាម៉ោង២០:៣០នាទីយប់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ភូមិសាស្ត្រអូរព្រំដែន ភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ 

លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងទាំងអស់ត្រូវតែល្បាតជាប់ជាប្រចាំ២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នា និងសហការល្អជាមួយកងកម្លាំងចម្រុះដើម្បីទប់ស្កាត់ពលករ លួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មិនឲ្យចូលទៅក្នុងសហគមន៍។ ជាក់ស្តែង នៅយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ លោក អនុសេនីយ៍ទោ ហួត ប៊ុនធឿន មេក្រុមគោលដៅ បានដឹកនាំកម្លាំងដើរល្បាតក៏ជួបជនជាតិចិនចំនួន៤នាក់ អ្នកនាំផ្លូវម្នាក់ និងម៉ូតូចំនួន១គ្រឿងបម្រុងឆ្លងដែនចេញទៅប្រទេសថៃ ត្រូវបានកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ឃាត់ខ្លួនបានតែម្តង ។ 

សូមបញ្ជាក់ថា ចាប់តាំងពីកងកម្លាំង តំបន់ប្រតិបត្តិការសឹករងខេត្តត្រូវបានបញ្ជូនទៅបំពេញប្រតិបត្តិការ សហការជាមួយកម្លាំងចម្រុះដើម្បីទប់ស្កាត់ពលករលួចឆ្លងដែន និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩មក បាន ឃាត់ខ្លួនពលករឆ្លងដែនបញ្ជូនទៅមណ្ឌលចត្តាឡីស័កជាបន្តបន្ទាប់ និងឃាត់ខ្លួនមេខ្យល់បានមួយចំនួន បញ្ជូនទៅសមត្ថកិច្ចជំនាញចាត់វិធានការតាមផ្លូវច្បាប់។

ចំណែកជនជាតិចិនចំនួន៤នាក់និងអ្នកនាំផ្លូវ ក្រោយពីបានសួរនាំរួចត្រូវបានប្រគល់ទៅឱ្យស្នាក់ការកងរាជអាវុធហត្ថចាត់ការតាមនីតិវិធីច្បាប់បន្ត៕

ដោយ៖ ស សម


ចែករំលែក៖