ព័ត៌មានទាន់ហេតុការណ៍៖

រញ្ជួយដីនៅប៉ាគីស្ថានស្លាប់និងរបួសជិត៣០០នាក់

ចែករំលែក៖

មានការរញ្ជួយដីកម្រិត៦រ៉ិចទ័រ វាយប្រហារតំបន់ភាគខាងត្បូង ប៉ាគីស្ថាននៅព្រឹកថ្ងៃទី៧ខែតុលា បណ្តាលឲ្យមនុស្ស២០នាក់ស្លាប់ និងរាប់សិបនាក់ត្រូវជាប់គាំងក្រោមគំនរអគារបាក់បែក។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Zia Langov បានឱ្យដឹងថា ការរញ្ជួយដីកើតឡើងនៅខេត្ត Balochistan ជិតព្រំដែនជាប់ប្រទេសអុីរ៉ង់ ហើយការរញ្ជួយដីកើតឡើងក្នុងពេលមនុស្សជាច្រើន កំពុងតែដេកលង់លក់។ នាយកដ្ឋានព្យាករណ៍អាកាសធាតុប៉ាគីស្ថានបានប្រកាសថា ការរញ្ជួយដីមានកម្រិត ៥,៩រ៉ិចទ័រ នៅវេលា ម៉ោង៣និង៣១នាទីទៀបភ្លឺ។
ការរញ្ជួយដីបានបំផ្លាញផ្ទះរាប់រយខ្នងនៅស្រុក Harnai និងប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅរបស់ពលរដ្ឋក្នុងតំបន់។ ក្រៅពីអ្នកស្លាប់ ក៏មានមនុស្សជាង៣០០នាក់រងរបួសត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្បែរៗនោះ។
ជនរងគ្រោះស្លាប់ដោយសារតែផ្ទះ ឬអគារបាក់សង្កត់ក្រោយការរញ្ជួយដីកម្រិត ៥,៩រ៉ិចទ័រ។ ប្រព័ន្ធអគ្គិសនីត្រូវបានកាត់ផ្តាច់ បង្កផលលំបាកយ៉ាងខ្លាំងក្នុងការជួយសង្គ្រោះស្វែងរកមនុស្សកប់ក្រោមអគារបាក់បែកដោយសារតែងងឹត។
ក្រុមជួយសង្គ្រោះបានព្យាយាមគាស់កកាយគំនរបាក់បែកដើម្បីជួយសង្គ្រោះមនុស្ស ។ លោក Suhail Anwar មន្ត្រីក្នុងតំបន់បានឱ្យដឹងថា មានស្ត្រីនិងកុមារជាច្រើនស្លាប់និងកប់ក្រោមអគារបាក់បែក។
កាលពីខែតុលាឆ្នាំ២០១៥ ប៉ាគីស្ថានក៏រងការរញ្ជួយដីកម្រិត ៧,៥រ៉ិចទ័រ សម្លាប់មនុស្សជិត ៤០០នាក់ដែរ ។ កាលពីថ្ងៃទី៨ខែតុលាឆ្នាំ២០០៥ មានការរញ្ជួយដីកម្រិត៧,៦រ៉ិចទ័រនៅក្នុងតំបន់កាស្មៀរ គ្រប់គ្រងដោយប្រទេសប៉ាគីស្ថានសម្លាប់មនុស្ស ៧៣ពាន់នាក់ និងពលរដ្ឋ៣,៥ពាន់នាក់បាត់បង់ផ្ទះសម្បែង៕

ដោយ៖ ធីរីណា(រូបថត៖Reuters+AP)


ចែករំលែក៖