ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃឈប់សម្រាកទីពីរនៃបុណ្យភ្ជុំបិណ្ឌ មានភ្ញៀវចេញដើរកម្សាន្តជាង ២៧ម៉ឺននាក់, សរុប២ថ្ងៃមានភ្ញៀវទេសចរជាង ៤២ម៉ឺននាក់

ចែករំលែក៖

ភ្នំពេញ ៖ ផេកក្រសួងទេសចរណ៍នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់ថា, តាមការបូកសរុបរបាយការណ៍ទទួលបានពីមន្ទីរទេសចរណ៍ រាជធានី ខេត្តបានឲ្យដឹងថា នាថ្ងៃឈប់សម្រាកទីពីរនៃពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ មានភ្ញៀវទេសចរចេញដើរទស្សនាកម្សាន្តសរុប ២៧១,៤២៨ នាក់ ក្នុងនោះមានភ្ញៀវជាតិ ២៦៩,៥១៣ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១,៩១៥ នាក់។ ប្រសិនបើសរុបរយៈពេល២ថ្ងៃ ភ្ញៀវសរុបមានចំនួន ៤២០,៤៤១ នាក់។

ក្រសួងទេសចរណ៍គូសបញ្ជាក់ថា, គោលដៅទេសចរណ៍សំខាន់ៗសម្រាប់ថ្ងៃភ្ជុំបិណ្ឌនេះ រួមមាន៖
* ខេត្តកំពត ៣៦,៧៤៨ នាក់
* ខេត្តកែប ៣៣,៧១៧ នាក់
* ខេត្តព្រះសីហនុ ៣២,២៧២ នាក់
* ខេត្តពោធិ៍សាត់ ២៦,៥៦០ នាក់
* ខេត្តបាត់ដំបង ១៩,១៣៨ នាក់
* ខេត្តកំពង់ចាម ១៨,៥៦៤ នាក់
* ខេត្តកំពង់ស្ពឺ ១៤,៨៥៤ នាក់
* ខេត្តសៀមរាប ១២,០៩៦ នាក់។

ក្រសួងទេសចរណ៍បន្តថា, តួលេខនេះមានការកើនឡើងប្រមាណ ៨២.១៥% ធៀបនឹងថ្ងៃទី១ម្សិលម៉ិញ។ ចរន្តភ្ញៀវនាថ្ងៃភ្ជុំបិណ្ឌនេះមានសន្ទុះខ្លាំង ដោយគោលដៅទេសចរណ៍ទូទាំងប្រទេស បានទទួលស្វាគមន៍ភ្ញៀវទេសចរផ្ទៃក្នុងយ៉ាងផុសផុល ពិសេសតំបន់ឆ្នេរសមុទ្រ មានខេត្តកំពត កែប និងខេត្តព្រះសីហនុ និងភាគពាយព្យ និងភាគខាងជើង មានដូចជាខេត្តពោធិ៍សាត់ បាត់ដំបង សៀមរាប រួមជាមួយខេត្តកំពង់ស្ពឺ និងខេត្តកំពង់ចាមជាដើម (លើកលែងតែខេត្តកំពង់ឆ្នាំងដែលបន្តផ្អាកដំណើរការរមណីយដ្ឋាន)។

ទន្ទឹមនឹងចរន្តភ្ញៀវទេសចរទូទាំងប្រទេស គោលដៅទេសចរណ៍មួយចំនួនតូចមានការកកកុញភ្ញៀវទេសចរច្រើន ដូចជារមណីយដ្ឋានអន្លង់ជ្រៃ ក្នុងស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ដែលបានទទួលហួសសមត្ថភាពផ្ទុកអតិបរមា និងខុសពីវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP)។ ករណីយនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ មន្ទីរទេសចរណ៍ រដ្ឋបាលស្រុកពញ្ញាក្រែក បានសម្រេចនាល្ងាចថ្ងៃពុធនេះផ្អាករមណីយដ្ឋានអន្លង់ជ្រៃនេះជាបណ្តោះអាសន្នសិន រង់ចាំការរៀបចំគ្រប់គ្រងឲ្យបានល្អប្រសើរឡើងវិញសិន។

ចំពោះគោលដៅផ្សេងៗ ដូចជាឆ្នេរខ្សាច់កម្សាន្តនៅខេត្តកែប និងបណ្តាខេត្តនានា រដ្ឋបាលខេត្ត មន្ទីរទេសចរណ៍ ក៏បានកំពុងខិតខំប្រឹងប្រែងអប់រំណែនាំដល់ភ្ញៀវទេសចរ និងអាជីវករ ឲ្យចូលរួមអនុវត្តវិធាការ «៣កុំ និង ៣ ការពារ» និងវិធានសុវត្ថិភាពទេសចរណ៍ និង SOP និងបញ្ជៀសការជួបជុំទ្រង់ទ្រាយធំកកកុញមនុស្សច្រើន។

ពាក់ព័ន្ធការងារសន្តិសុខ សុវត្ថិភាព សណ្តាប់ធា្នប់ តម្លៃសេវា និងម្ហូបអាហារ និងបរិស្ថាន-អនាម័យជាដើម ពុំមានបញ្ហាធំដុំចោទឡើងទេរយៈពេល២ថ្ងៃនេះ ដោយរដ្ឋបាលរាជធានី-ខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ បានសហការចុះអប់រំណែនាំ និងប្រចាំការនៅតាមទីតាំងសំខាន់ៗ៕

ដោយ៖ សិលា


ចែករំលែក៖