ព័ត៌មានទាន់ហេតុការណ៍៖

របួសធ្ងន់ស្រាល៦នាក់ ករណីបើករថយន្តធ្លាក់ទឹកស្ទឹង នៅស្រុកវាលវែង

ចែករំលែក៖

     ខេត្តពោធិ៍សាត់ ៖ នៅរសៀលព្រហស្បតិ៍ ១កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ ម្សិលមិញនេះ យ៉ាងហោចស្រ្តី២នាក់បានរងរបួសធ្ងន់ និងចំនួន៤នាក់បានរងរបួសស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បើករថយន្តខុសផ្លូវបណ្ដាលឲ្យរេចង្កូតធ្លាក់ចូលទឹកស្ទឹង ដែលគេសង្ស័យអាចបណ្ដាលមកពីអ្នកបើកបរងងុយដេក នេះបើតាមការបញ្ជាក់ពីលោក វរសេនីយ៍ឯក អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរ ។

 លោក បន្តទៀតថា ហេតុការណ៍ខាងលើបានកើតឡើងត្រង់ចំណុចស្ពានអន្លង់រាប តាមកំណាត់ផ្លូវជាតិលេខ៥៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១២១-១២២ ស្ថិតនៅក្រាំងរងៀង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

 លោក អធិការបញ្ជាក់ថា មុនដំបូងគេឃើញរថយន្ត១គ្រឿងម៉ាក តូយ៉ូតា កាមរី បាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AG- 4585 ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់កន្លែងកើតហេតុស្រាប់តែរេចង្កូតធ្លាក់ទឹកស្ទឹង បណ្ដាលឲ្យរងរបួសធ្ងន់បែបនេះ ប៉ុន្តែទោសយ៉ាងក្ដីពិតជាសំណាងណាស់ ខណៈទឹកស្ទឹងពុំសូវមានហើយស្ទឹងជ្រៅណាស់ ។

 លោក បញ្ជាក់បន្ថែមទៀតថា ជនរងរបួសធ្ងន់ទី-១ ឈ្មោះ ម៉ៅ ស្រីលីន ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ រងរបួសបាក់ដៃខាងឆ្វេង ទី-២ ឈ្មោះ អុក វិន ភេទស្រី អាយុ ៦០ឆ្នាំ រងរបួសបាក់កំភួនដៃឆ្វេង អ្នកទាំង២នាក់រស់នៅភូមិ.ឃុំប្រម៉ោយ ស្រុកវាលវែង ត្រូវបានសាច់ញាតិបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត  ចំណែកតៃកុងឈ្មោះ ស  ថៃ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំប្រម៉ោយ រងរបួសស្រាល និងអ្នករួមដំណើរផ្សេងទៀតទី-១ ឈ្មោះ ស្វាយ ម៉ាឡា ភេទស្រី អាយុ ៦៥ឆ្នាំ ជនជាតិខ្មែរ រងរបួសស្រាល ទី-២ ឈ្មោះ ឡា ផល្លិកា ភេទស្រី អាយុ ៣ឆ្នាំ ជនជាតិខ្មែរ រងរបួសស្រាល និងទី-៣ ឈ្មោះ វង់ ណារឿត ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ រងរបួសស្រាល អ្នករួមដំណើរទាំងចំនួន៣នាក់នេះ រស់នៅឯខេត្តបាត់ដំបង បញ្ហាគ្រោះថ្នាក់ចរាចរណ៍បើកខុសផ្លូវនេះ បណ្ដាលមកពីអ្នកបើកបរងងុយដេកដូច្នេះលោកសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ មកពីទីជិតក្តីឆ្ងាយក្តីដែលបានធ្វើមកស្រុកឬមកបែបទេសចរណ៍ មេត្តាបើកបរមានការប្រុងប្រយ័ត្នឲ្យខ្ពស់ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ៕

ដោយ៖ បុឹម ពិន


ចែករំលែក៖