ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ លោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា, ក្នុងនាមខ្ញុំបាទជាជំនួយការផ្ទាល់សម្តេចតេជោ និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ខ្ញុំបាទសូមគាំទ្រទាំងស្រុងចំពោះសម្តេចប្រមុខដឹកនាំដែលបានលើកសំណើសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដេីម្បីកំណត់ច្បាស់ចំពោះមុខតំណែងមន្រ្តីដែលមានសញ្ជាតិ២ មិនអាចកាន់តំណែងកំពូលទាំង៤ ដូចជា: ១)នាយករដ្ឋមន្រ្តី ២)ប្រធានរដ្ឋសភា ៣)ប្រធានព្រឹទ្ធសភា និង ៤)ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានស្នើសុំទៅរដ្ឋសភាជាតិនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២១ ព្រឹកមុិញ។
លោក ដួង តារា បន្តថា, ពិតប្រាកដណាស់ ចំពោះបុគ្គលមានសញ្ជាតិ២ គឺមានឱកាសច្រើនជាងអ្នកដែលមានសញ្ជាតិតែ១ហើយក៏មិនសូវហ៊ានបូជាលះបង់ខ្ពស់សម្រាប់ផលប្រយោជន៍ជាតិនិងប្រជាពលរដ្ឋពិតប្រាកដ ដូចអ្នកមានសញ្ជាតិតែ១ ដូចយើងបានឃើញស្រាប់ហើយ។
លោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា, ខ្ញុំមានជំនឿថា បន្ទាប់ពីរដ្ឋសភាជាតិអនុម័តនៅក្នុងច្បាប់កំពូលផ្លូវការរួចហើយ គឺប្រាកដជាធានាបាននូវផលប្រយោជន៍ជាតិឧត្តុង្គឧត្តមយូរអង្វែងដែលបង្កាទប់ស្កាត់មិនអនុញ្ញាត្តិអោយមានមន្រ្តីសញ្ជាតិបរទេសពីរបីកាន់មុខតំណែងកំពូលទាំង៤ ដែលអាចបង្កគ្រោះថ្នាក់ធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិភាពនិងផលប្រយោជន៍ប្រទេសជាតិ។
លោកបន្តថា, ខ្ញុំបាទសូមគោរពអរគុណចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានផ្តល់ឱកាសដល់ខ្ញុំបាទផ្ទាល់និងមន្រ្តីជាច្រើនទៀតដែលមានសញ្ជាតិ២បានចូលរួមចំណែកបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនិងសង្គមជាតិ៕
ដោយ ៖ សិលា