ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូលឿនពេកទៅបុកដើមឈើរួចហើយធ្លាក់ចូលទឹកព្រែកស្លាប់នៅស្រុកស្វាយជ្រំ

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញស្លាប់ក្នុងទឹកព្រែក បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរឈប់យានជំនិះមកចោមរោមមើលនិងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានដោយសារតែជនរងគ្រោះបើកម៉ូតូលឿនខ្វះប្រុងប្រយ័ត្នជ្រុលទៅបុកដើមឈើរួចហើយក៏ធ្លាក់ចូលទឹកព្រែកតែម្ដង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី៨ ខែតុលាឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

មន្ត្រីនគរបាលស្រុកបានឱ្យដឹងថា បុរសខាងលើមានឈ្មោះផាន់ ដារ៉ា អាយុ២៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ។

តាមសាក្សីបានឱ្យដឹងថា មុនពេលកើតហេតុគាត់ឃើញបុរសរងគ្រោះជិះម៉ូតូម៉ាកយ៉ាម៉ាហាស៊ីរូស ពណ៌ខ្មៅ អត់ស្លាកលេខក្នុងល្បឿនលឿន ខណ:នោះស្រាប់តែឃើញម៉ូតូរេចង្កូតទៅបុកដើមឈើហើយធ្លាក់ចូលទឹកព្រែកបណ្ដាលឱ្យឈ្លក់ទឹកស្លាប់តែម្ដង។

ក្រោយកើតហេតុអ្នកភូមិនិងក្រុមគ្រួសារបាននាំគ្នាស្រង់សពជនរងគ្រោះដាក់លើគោក ហើយសមត្ថកិច្ចក៏បានធ្វើកំណត់ហេតុនិងបានប្រគល់សពទៅឱ្យបងប្អូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖យឹម សុថាន


ចែករំលែក៖