ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌាទទួលភ្ញៀវទេសចរបរទេសដំបូងបង្អស់ក្រោយបិទទ្វាររយៈពេល១៨ខែ

ចែករំលែក៖

អ្នកទេសចរបរទេសអាចបំពេញទស្សនកិច្ចទៅកាន់វិមាន Taj Mahal និង Rajasthan ជាលើកដំបូងចាប់តាំងពីខែមីនាឆ្នាំ២០២០មក ក្រោយឥណ្ឌាបិទទ្វារប្រទេសទប់ស្កាត់កូវីដ-១៩។ នេះជាសកម្មភាពដើម្បីដំណើរការវិស័យទេសចរណ៍ឡើងវិញនៅក្នុងប្រទេសនេះដែលរងផលប៉ះពាល់យ៉ាងខ្លាំងនាពេលកន្លងមក។
តាមការប្រកាសរបស់រដ្ឋាភិបាលឥណ្ឌា ប្រទេសនេះនឹងទទួលភ្ញៀវទេសចរបរទេសចាប់ពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ ក្រោយរយៈពេល១៨ខែបិទទ្វារ។ សារព័ត៌មាន CNN បានផ្សាយថា ជនបរទេសនៅលើជើងហោះហើរ Charter(ជួលជើងហោះហើរ)សម្រាប់ក្រុមអ្នកទេសចររបស់ក្រុមហ៊ុនមួយ នឹងត្រូវបានផ្តល់ទិដ្ឋាការចូលទៅធ្វើទេសចរណ៍ក្នុងប្រទេសឥណ្ឌាចាប់ពីពេលនេះទៅ ។ ចំណែកជើងហោះហើរទូទៅ នឹងត្រូវរង់ចាំដល់ថ្ងៃទី១៥ខែតុលាទើបអាចបើកដំណើរការហោះហើរជាផ្លូវការ។
ក្រសួងមហាផ្ទៃឥណ្ឌាបានប្រកាសថា «ភាគីពាក់ព័ន្ធទាំងអស់រួមមានទាំងអ្នកទេសចរបរទេស ក្រុមហ៊ុនទេសចរណ៍ត្រូវតែគោរពវិធានការទប់ស្កាត់កូវីដ-១៩ ក្នុងប្រទេសឥណ្ឌា »។ សកម្មភាពរបស់ឥណ្ឌាកើតឡើងក្នុងពេលដែលប្រទេសជាច្រើននៅក្នុងតំបន់អាស៊ីភាគខាងត្បូងបានបើកទ្វារស្វាគមន៍អ្នកទេសចរបរទេសដើម្បីដំណើរការសេដ្ឋកិច្ចឡើងវិញ។
កន្លងមក ឥណ្ឌា បានហាមប្រាមអ្នកទេសចរបរទេសចូលទៅកាន់ប្រទេសនេះដោយសារតែការផ្ទុះកូវីដ-១៩កើនឡើងខ្ពស់តាំងពីខែមីនាឆ្នាំ២០២០។ នៅក្នុងខែមេសា និងខែឧសភាប្រទេសដែលមានពលរដ្ឋជាង១,៣ពាន់លាននាក់នេះរងការវាយប្រហារដោយរលកកូវីដ-១៩ លើកទីពីរ ដោយមានករណីឆ្លងរហូតដល់ទៅ៤សែននាក់ក្នុងមួយថ្ងៃ និងស្លាប់ជាង៤ពាន់នាក់ក្នុងរយៈពេល២៤ម៉ោងដូចគ្នា ។
សេដ្ឋកិច្ចឥណ្ឌាទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារតែការឆ្លងរាលដាលកូវីដ-១៩ ធ្វើឲ្យពលរដ្ឋរាប់លាននាក់ធ្លាក់ក្នុងសភាពក្រីក្រ ។ ជាពិសេសក្រោយពេលឥណ្ឌាបិទទ្វារសេដ្ឋកិច្ចនៅខែមីនាឆ្នាំ២០២០ ធ្វើឲ្យកម្មករពលកររាប់សិបលាននាក់ត្រូវបាត់បង់ការងារធ្វើ៕ ដោយ៖ធីរីណា

រូបភាព៖South China Morning Post

រូបថត៖National Geographic


ចែករំលែក៖