ក្រុមភេរវកម្ម IS នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃទី ២២ខែតុលា បានសារភាពទទួលស្គាល់ថា ក្រុមរបស់ខ្លួនបានបំផ្ទុះគ្រាប់បែកបំផ្លាញបង្គោលភ្លើង ធ្វើឲ្យរដ្ឋធានីអាហ្វហ្គានីស្ថានធ្លាក់ក្នុងស្ថានភាពគ្មានអគ្គិសនីប្រើប្រាស់។
សារព័ត៌មាន AFP នៅថ្ងៃទី២២ខែតុលាបានផ្សាយថា តាមការប្រកាសរបស់ក្រុមអ៊ិស្លាម IS-K នៅក្នុងតំបន់ Khorasan បានប្រកាសទទួលស្គាល់ថា ក្រុមរបស់ខ្លួនពិតជាបានបំផ្ទុះគ្រាប់បែកបំផ្លាញបង្គោលភ្លើងនៅរដ្ឋធានីកាប៊ុលប្រាកដមែន ។
ការវាយប្រហារនោះបានបំផ្លាញបណ្តាញអគ្គិសនី ២២០គីឡូវ៉ាត់ ដែលជាបណ្តាញអគ្គិសនីទិញមកពីប្រទេសផ្សេងមកកាន់ទីក្រុងកាប៊ុលនិងខេត្តមួយចំនួននៅអាហ្វហ្គានីស្ថាន។ ស្ថានភាពនៅទីក្រុងកាប៊ុល ដែលមានពលរដ្ឋរស់នៅជាង៤,៥លាននាក់ធ្លាក់ក្នុងស្ថានភាពគ្មានអគ្គិសនីប្រើប្រាស់។ ហេតុការណ៍ខាងលើកើតឡើងនៅវេលាម៉ោង១៨ថ្ងៃទី២១ខែតុលា(ពេលវេលាក្នុងតំបន់)។
អាហ្វហ្គានីស្ថានអាស្រ័យទៅលើអគ្គិសនីប្រើប្រាស់ទិញមកពីប្រទេសជិតខាងក្នុងនោះមាន Uzbekistan និង Tajikistan ។ ទាំងនោះហើយទើបបណ្តាញអគ្គិសនីនៅក្នុងប្រទេសនេះក្លាយជាគោលដៅវាយប្រហាររបស់ក្រុមភេរវកម្ម។
សកម្មភាពវាយប្រហារខាងលើគឺសំដៅទៅលើក្រុមតាលីបង់ដែលបានខិតខំដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានក្រោយការឡើងកាន់អំណាចនៅថ្ងៃទី១៥ខែសីហា។ ក្រុមតាលីបង់បានសន្យាកម្ចាត់ក្រុមភេរវកម្ម IS-K ក្នុងពេលដែលក្រុមភេរវកម្មនេះបង្កើនការវាយប្រហារបង្ហូរឈាមទៅលើទីតាំងជាច្រើនក្នុងប្រទេសអាហ្វហ្គានីស្ថាន។
កាលពីថ្ងៃទី១៥ ខែតុលា ក្រុមភេរវកម្ម IS-K បានវាយប្រហារទៅលើទីតាំងព្រះវិហារនិកាយស៊ីអុីតនៅទីក្រុង Kandar សម្លាប់មនុស្ស៦០នាក់ ។
កាលពីសប្តាហ៍កន្លងមក នៅក្នុងទីក្រុង Kunduz ក៏រងការវាយប្រហារភេរវកម្មលើព្រះវិហារអ៊ិស្លាមសម្លាប់មនុស្ស ៤៦នាក់ និងរបួសជាង១៤០ នាក់៕ ដោយ៖ ធីរីណា
រូបថត៖Reuters
រូបថត៖The Pakistan Daily