ព័ត៌មានទាន់ហេតុការណ៍៖

មតិរិះគន់ទៅកាន់អ្នកគាំទ្រតារាបរទេសជ្រុលនិយមដែលថា ឱក សុគន្ធកញ្ញា ចម្លងឈុតពីតារាចម្រៀងបរទេស Lisa

ចែករំលែក៖

ភ្នំពេញ៖ មុននេះអ្នកគាំទ្រតារាចម្រៀងកម្ពុជា បានសរសើរមិនដាច់ពីមាត់អំពីតារាចម្រៀងឱក សុគន្ធកញ្ញា ដែលទទួលបានឱកាសយ៉ាងស័ក្តិសមក្នុងការបង្ហាញសមត្ថភាពទេពកោសល្យនៅក្នុងកម្មវិធី MEKONG – KOREA FRIENDSHIP CONCERT។ ស្របគ្នានឹងការលើកសរសើរអំពីស្នាដៃបទចម្រៀង និងស្ទីលតុបតែងខ្លួននេះមិនបានប៉ុន្មានផងស្រាប់តែលេចចេញរឿងរ៉ាវធ្វើឲ្យមហាជនហួសចិត្តនោះគឺមានអ្នកគាំទ្រ ឬហ្វេនជ្រុលនិយមខ្លះហ៊ានដល់ថ្នាក់និយាយថា ឈុតតំណាងប្រទេសរបស់ ឱក សុគន្ឋកញ្ញាបានលួចចម្លងពីតារាចម្រៀងកូរ៉េ សញ្ជាតិថៃនាង Lisa ទៅវិញ។ 

អ្នកគាំទ្រវិស័យសិល្បៈជាច្រើនបាននិងកំពុងតែបញ្ចេញប្រតិកម្មទៅកាន់គណនីហ្វេសប៊ុកមួយចំនួនដែលបញ្ចេញសារក្នុងន័យបន្ទាបតម្លៃសិល្បករកម្ពុជា ហើយពួកគេស្នើឲ្យអ្នកទាំងនោះបញ្ចប់សកម្មភាពដែលនាំឲ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់កិត្តិយសិល្បករជាតិខ្លួនផងដែរ។ ប្រតិកម្មនេះបានធ្វើឡើងក្រោយពីមានករណីនៃការកាត់តភ្ជាប់ដោយរូបថតរបស់តារាចម្រៀងទាំងពីរដែលបាននិងកំពុងតែដុតកម្លោចចិត្តអ្នកគាំទ្រតារាចម្រៀង ឱក សុគន្ធកញ្ញា និងទស្សនិកជនជាច្រើនចេញមុខប្រតិកម្មទៅនឹងការលើកឡើងខុសទំនងគ្មានការណ៍ពិត និងនាំឲ្យអាប់ឱនដល់សិល្បៈជាតិខ្លួន ដោយសុខចិត្តលើកដំកើងសិល្បករបរទេសឲ្យខ្ពស់ហួសពីសិល្បករជាតិខ្លួននោះ ទាំងឈុតនេះត្រូវបានគេដឹងថាជាការច្នៃយ៉ាងផ្ចិតផ្ចង់ពីកូនខ្មែរដែលធ្លាប់មានស្នាដៃគឺហាងសុផលកាត់ដេរ និងត្រូវបានច្នៃពីស្បៃប៉ាក់ខ្មែរ និងហូលខ្មែរដ៏ល្បីល្បាញនោះ។ អ្វីដែលគេកត់សម្គាល់បើតាមផេករបស់បុរាណាចារ្យក៏បានបញ្ជាក់ច្បាស់ៗដែរថា ឈុតសម្លៀកបំពាក់របស់អ្នកនាង ឱក សុគន្ធកញ្ញា មិនមែនជាឈុតកូពីនោះទេ ព្រោះឈុតនេះត្រូវបានសម្រិតសម្រាំងយ៉ាងពិសេសដែលបានបង្កប់ទៅដោយអត្ថន័យសិល្បៈ វប្បធម៌ដ៏ផូផង់របស់ជាតិសាសន៍ខ្មែរ ដូចជាសំពត់ដែលកាត់ចេញពីហូលខ្មែរបុរាណហើយរចនាប្រឌិតជាសំពត់ទម្រង់បែបសំពត់នាងអប្សរាដែលឆ្លាក់តាមប្រាសាទអង្គរវត្តនាសតវត្សទី១២ ស្បៃប៉ាក់ខ្មែរជាស្បៃជាន់ខ្ពស់ដែលត្រូវបានប៉ាក់ជាក្បាច់ផ្កាចន្ទន៍និយមប្រើប្រាស់តាំងពីសម័យបុរាណមកក្នុងរង្វង់ស្ត្រីខ្មែរជាពិសេសក្នុងពិធីសំខាន់ៗដូចជាពិធីមង្គលការជាដើម អាវប៉ោងស្មាជាប្រភេទអាវប្រពៃណីដែលខ្មែរយើងទទួលឥទ្ធិពលពីបស្ចឹមប្រទេសក្នុងអំឡុងសម័យអាណានិគមរហូតដល់សម័យបច្ចុប្បន្នហើយត្រូវបានប្រើប្រាស់យ៉ាងទូលាយក្នុងរង្វង់ប្រពៃណីក៏ដូចជាការស្លៀកពាក់ទូទៅរហូតមកដល់ពេលនេះ៕ 

 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖