ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ លោក នេត ភក្រ្តា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងបរិស្ថានបានបញ្ជាក់ឲ្យដឹងថា, ស្វាត្រោសជាប្រភេទសត្វពានរមានដោយបង្គួរ និងត្រូវបានចុះក្នុងបញ្ជីក្រហម របស់អង្គការ IUCN ថាជាប្រភេទសត្វងាយរងគ្រោះនៅលើពិភពលោក។ ខណៈការវាយតម្លៃរួមថាចំនួនស្វាត្រោសនៅលើពិភពលោកមាននិន្នាការធ្លាក់ចុះប៉ុន្តែសម្រាប់នៅកម្ពុជា របាយ ការណ៍សិក្សាបានឱ្យដឹងថាសត្វស្វាត្រោសនៅក្ន្ងតំបន់ការពារ ធម្មជាតិ មានចំនួនកើនឡើងក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ។
លោកបន្តថា, កំណើននៃប្រភេទសត្វស្វាត្រោស បានបង្ហាញពីភាពជោគជ័យនៃការ អនុវត្តផែនការការពារនិងអភិរក្ស ដែនជម្រកសត្វព្រៃដែលជាផ្នែកមួយគាំទ្រថវិកាដែលបានមកពីការលក់ឥណទានកាបូននៅក្នុងដែន ជម្រកសត្វព្រៃកែវសីម៉ា ប្រើប្រាស់ដើម្បីគាំទ្រលើការអភិរក្សធនធានធម្មជាតិ និងពង្រឹងជីវភាពសហគមន៍តាមរយៈការអនុវត្តគម្រោងអភិវឌ្ឍន៍មូលដ្ឋាន និងផ្តល់ជម្រើសមុខរបរថ្មីៗដល់ពលរដ្ឋក្នុងសហគមន៍តំបន់ការពារធម្មជាតិ។ ការណ៍នេះធ្វើឱ្យយើង
ការពារបានប្រសើរនូវទីជម្រក ប្រភពទឹក និងកន្លែងរកចំណី និងកាត់បន្ថយបាននូវកត្តាគំរាមកំហែងផ្សេងៗ។
លោកបញ្ជាក់ថា, យោងតាមរបាយការណ៍សិក្សាធ្វើឡើងដោយក្រសួងបរិស្ថាននិងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ឆ្នាំ២០២០ គ្រាន់តែនៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា ចំនួនស្វាត្រោសបានកើនឡើងពី ៧៣៣ ក្រុមនៅឆ្នាំ ២០១០ ដល់ ១៤៧៣ ក្រុមនៅឆ្នាំ ២០២០ ដែលមានចំនួនចន្លោះពី ១១២២ ដល់ ២០៨៨ ក្បាល។ ស្វាត្រោសត្រូវបានគេដឹងថាមានវត្តមាននៅប្រទេសចិនមានចំនួនប្រមាណ ១៧០០ក្បាល និងនៅប្រទេសឥណ្ឌាចំនួនប្រមាណ ១៥០០ក្បាល។ ប្រទេសថៃត្រូវបានគេជឿថាមានវត្តមានស្វាត្រោសច្រើនផងដែរ។
អំពីជីវសាស្ត្រ សត្វស្វាត្រោសរស់នៅតាមព្រៃស្រោង និងព្រៃល្បោះ ហើយរស់នៅជាហ្វូងពី ៥ ទៅ ៦ ក្បាល និងក្រុមធំ រហូតដល់ ៤០ក្បាល។ ហ្វូងរបស់វាមិនរស់នៅកម្លែងណាមួយពិតប្រាកដទេ វាតែងតែដើរគ្រប់ទិសទីពេញព្រៃ។ ចំណីរបស់វាមានផ្លែឈើ ផ្កាឈើ គ្រាប់ធុញ្ញជាតិ និងសត្វល្អិត។ វារកចំណីនៅលើដើមឈើ និងនៅលើដី។
អំពីភិនភាគ ស្វាត្រោសមានក្បាល ដងខ្លួន និងផ្នែកកន្ទុយមានពណ៌ចាស់ជាងផ្នែកចំហៀងនៃដងខ្លួន ដែលមានពណ៌ភ្លឺរលោង។ កន្ទុយមានប្រវែង ១/៣ នៃប្រវែងក្បាល-ដងខ្លួន ហើយមានកន្ទុយកោងជាទំពក់បះទៅលើ។ នៅលើក្បាលមានក្រយៅពណ៌ត្នោតចាស់ ដែលមានរោមខ្លីបះត្រង់ៗ ម់លទៅរាងដូចមួកកាតឹប។ នៅជុំវិញមុខ មានរោមកញ្ចុំពណ៌ប្រផេះចាស់បះត្រង់ព័ទ្ធជុំវិញស្ទើតែលុបបាត់ត្រចៀក។ ពណ៌សម្បុរស្វាត្រោសប្រែប្រួលទៅតាមអាយុនិងភេទ។ ទម្ងន់ស្វាញីតិចជាងពាក់កណ្តាលទម្ងន់ស្វាឈ្មោល។ ជាទូទៅ ស្វាត្រោសឈ្មោលជំទង់មានទម្ងន់ចន្លោះពី ១១ ទៅ១៣,៥ គីឡូក្រាម៕
ដោយ ៖ សិលា