ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងកិច្ចការនារី រៀបចំវេទិកា នារីរតនៈស្តីពីយុវជនរួមគ្នាកាត់បន្ថយអំពើហិង្សាផ្សព្វផ្សាយដល់សិស្សានុសិស្ស

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ក្រសួងកិច្ចនារី បានរៀបចំវេទិកា នារីរតនៈ ស្តីពីយុវជនរួមគ្នាកាត់បន្ថយអំពើហិង្សា ធ្វើការផ្សព្វផ្សាយ ដល់សិស្សានុសិស្ស ដែលរៀបចំឡើងដោយនាយកដ្ឋានព័ត៌មានក្រសួងកិច្ចនារី។ ពិធីនេះរៀបចំឡើងចំនួន៣ថ្ងៃ ចាប់ថ្ងៃទី(១០-១២) ខែវិច្ឆិកា ឆ្នាំ២០២១ នៅវិទ្យាល័យសម្តេចឪ ក្រុងសិរីសោភ័ណ វិទ្យាល័យរហាល ស្រុកព្រះនេត្រព្រះ និងវិទ្យាល័យស្វាយចេក ក្នុងស្រុកស្វាយចេក។

លោកស្រី រស់ សុផានី ក៏បានអរគុណកិច្ចការនារីខេត្ត បានអនុវត្ត និងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការ ក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិកន្លងមកប្រកបដោយលទ្ធផលផ្លែផ្កា “ និងជាបន្តបន្ទាប់ទៅទៀត ក្នុងគោលដៅលើកស្ទួយស្ត្រី លើគ្រប់ផ្នែកគ្រប់វិស័យ ដើម្បីនាំមកនូវសុខសន្តិភាពភាពរុងរឿង និងសុខដុមរមនាក្នុងសង្គម ដែលមានសីលធម៌ខ្ពស់ព្រម ទាំងខិតខំជម្រុញលុបបំបាត់ឲ្យអស់នូវ ការរើសអើងគ្រប់សកម្មភាពសង្គមចំពោះស្ត្រី ពិសេសចូលរួមលុបបំបាត់អំពើហិង្សា ដើម្បីឲ្យស្ត្រី និងបុរសមានលទ្ធភាព សហការគ្រប់សកម្មភាពក្នុងសង្គម។

ថ្លែងនៅក្នុងវេទិការនោះដែរលោក ស្រី ម៉ាន ចិន្តា មានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការលប់បំបាត់ចោលនូវអំពើហិង្សាទាក់ទងនឹងយេនឌ័រ ថាជាគោលដៅអភិវឌ្ឍស្នូលមួយ ក្នុងគោលដៅអភិវឌ្ឍសហសវត្សរបស់ប្រទេសកម្ពុជា ត្រង់ចំណុចគោលដៅទី៣ “ ការលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់សិទ្ធអំណាចដល់ស្រី “។ អំពើហិង្សាលើស្រ្តី និងកុមារី គឺជាការរំលោភ បំពានយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធមនុស្ស ដែលដាក់កំហិតលើសិទ្ធិសេរីភាពរបស់ស្ត្រី និងកុមារី រួមទាំងសន្តិសុខរបស់ពួកគេទាំងនៅក្នុង និងនៅខាងក្រៅផ្ទះ។ អំពើហិង្សាលើស្រី ក៏ជាឧបសគ្គដ៏ធ្ងន់ធ្ងរមួយ សម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាពនៅប្រទេសកម្ពុជាផងដែរ។លោកស្រីបញ្ជាក់ថា វេទិកានេះ មានគោលបំណងដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋជាពិសេសយុវវ័យឲ្យបានយល់ ដឹងពីឫសគល់ និងផលប៉ះពាល់នៃអំពើហិង្សាក្នុងគ្រួសារ ការសេពគ្រឿងស្រវឹង និងលើកទឹកចិត្តដល់យុវវ័យ ក្នុងការចូលរួមទប់ស្កាត់ និងកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារ មិនតែប៉ុណ្ណោះវេទិកា នេះនឹងជួយបង្កើនចំណេះដឹងដល់យុវវ័យឲ្យចេះគ្រប់គ្រងអារម្មណ៍ពិបាកៗដើម្បីឈានទៅរកសុភមង្គលក្នុងគ្រួសារ៕

ដោយ៖ វណ្ណា


ចែករំលែក៖