ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ជ្រាបថា នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមឆ្លើយតបបន្ទាន់របស់ការិយាល័យស្រុកប្រតិបត្តិប៉ោយប៉ែត និងមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បាន សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន បានចុះអង្កេតស្រាវជ្រាវ លើករណីឈឺសរុបចំនួន២១នាក់(ស្រី២នាក់) ក្នុងនោះ៧នាក់(ស្រី១)បានស្លាប់ លើពលករដែលបាននិងកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កកូបធំ គិតត្រឹមថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលហេតុការណ៍នេះបានកើតឡើង នៅមណ្ឌលចត្តាឡីស័កកូបធំ ស្ថិតនៅក្នុងភូមិកូបធំ សង្កាត់ និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បណ្តាលមកពីការយកអាល់កុល ទៅលាយជាមួយភេសជ្ជៈផ្សេងៗ មកពិសា ហើយ ជនរងគ្រោះត្រូវបានបញ្ជូនមកសំរាកព្យាបាល នៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត មន្ទីរពេទ្យខេត្តមង្គលបូរី និងមន្ទីរពេទ្យខេត្ត សៀមរាប តាមរយៈការចុះទៅពិនិត្យនិងស្រាវជ្រាវផ្ទាល់ដល់ទីកន្លែងកើតហេតុ និងការសាកសួរបានរកឃើញថា នៅថ្ងៃទី ០៩ និងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ជនរងគ្រោះ មួយចំនួនបានយកអាល់កុល មកលាយជាមួយទឹក ខ្លះយកមកលាយជាមួយទឹកក្រូចកូកាកូឡា និងមួយចំនួនទៀតលាយជាមួយទឹកអូអ៊ីឈិកនាំគ្នាពិសា រហូតដល់រសៀលថ្ងៃទី១១ ខែវិច្ឆិកាប្រហែលម៉ោង២ កន្លះ មានជនរងគ្រោះមួយចំនួន ចាប់ផ្តើមមានរោគសញ្ញា ដូចជា ឈឺក្បាល វិលមុខ ក្អួត និងថប់ដង្ហើម។ បច្ចុប្បន្ននេះមានអ្នកជំងឺបាន នឹងកំពុងបន្តសំរាកនៅមន្ទីរពទ្យនិមួយៗខាងលើ សរុបចំនួន១២នាក់ (ស្រី១នាក់)។
ក្រុមការងារឆ្លើយតបបន្ទាន់ និងអាជ្ញាធរពាក់ព័ន្ធ បានប្រមូលយកសំណាកនិងវត្ថុតាង ដែលនៅសេសសល់ផ្ញើមកវិភាគនៅ រាជធានីភ្នំពេញ ដើម្បីដឹងពីមូលហេតុច្បាស់លាស់ដែលក្រសួងកំពុងរងចាំ លទ្ធផលវិភាគពីមជ្ឈមណ្ឌលជាតិមន្ទីរពិសោធន៍សុខាភិ បាល។ ជាមួយគ្នានោះដែរ ក្រុមការងារឆ្លើយតបបន្ទាន់និងក្រុមការងារគ្រូពេទ្យបានចុះជួយសង្គ្រោះ ផ្តល់ការពិនិត្យសុខភាពនិង ព្យាបាល និងបានចុះអប់រំ ណែនាំ ដល់ពលករ ដែលស្នាក់នៅក្នុងមណ្ឌលចត្តាឡីស័កកូបធំ នេះផងដែរ។
ពាក់ព័ន្ធនឹងករណីឈឺនិងស្លាប់ខាងលើ និងដោយសង្កេតឃើញថាជារៀងរាល់ឆ្នាំជាពិសេសចាប់ពីខែវិច្ឆិកា ដល់ខែ មករា តែងតែមានករណីពុលសាបានកើតឡើងជាបន្តបន្ទាប់នៅតាមសហគមន៍នៃបណ្ដាខេត្តមួយចំនួន លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមក្រើនរំលឹកហើយរំលឹកទៀត និងសូមអំពាវនាវដោយទទូចដល់បងប្អូន ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ អនុវត្តដូចខាងក្រោម ៖
កុំយកអាល់កុលមកលាយជាមួយ ទឹក ឬភេសជ្ជនានា មកពិសា ពីព្រោះអាល់កុលត្រូវបានធ្វើឡើងសម្រាប់ជា សារធាតុសម្លាប់មេរោគ ដើម្បីបង្ការកុំឱ្យកើតជំងឺឆ្លងនានា ដូចជាអាល់កុលសម្រាប់លាងដៃ ជាដើម។ ចូលរួមកុំពិសាស្រា ដែលបិទឬលាយគ្មានបច្ចេកទេសត្រឹមត្រូវ និងគ្មានការត្រួតពិនិត្យ ។ ចំពោះអ្នកប្រកបអាជីវកម្ម ហាមដាច់ខាត កុំយកសារធាតុមេតាណុលមកលាយធ្វើស្រា ស ដែលបង្កឱ្យពុលនិងស្លាប់ បាត់បង់ជីវិត។
ចំណែក បងប្អូនអាជ្ញាធរ ខេត្ត ស្រុក ក្រុង ខ័ណ្ឌរដ្ឋបាលឃុំ/សង្កាត់ ត្រូវចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និង ទប់ស្កាត់ការលក់ស្រាបិទ ឬលាយគ្មានបច្ចេកទេសត្រឹមត្រូវ និងណែនាំប្រជាពលរដ្ឋ ជៀសវាង យកសារធាតុ មេតាណុលលាយធ្វើស្រាសដែលបង្កឱ្យពុលនិងស្លាប់បាត់បង់ជីវិត។
ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានបញ្ហាសុខភាព ឬមានរោគសញ្ញានៃការពុលស្រាដូចជាឈឺក្បាល ក្អួត ឈឺពោះ វិលមុខស្រវាំងភ្នែក សន្លប់ ប្រកាច់ ពិបាកដកដង្ហើម ឬសង្ស័យថាមានពុលស្រា ឬការឆ្លងជំងឺដទៃទៀត សូមប្រញាប់ទៅស្វែងរក ការពិនិត្យពិគ្រោះនៅមន្ទីរពេទ្យរដ្ឋដែលនៅជិតផ្ទះរបស់លោកអ្នក ឬទំនាក់ទំនងតាមលេខផ្ដល់ជូនខាងក្រោមនេះ។ ក្រសួងសុខាភិបាលនិងបន្តធ្វើការជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាពតាមទំព័រហ្វសប៊ុក និង គេហទំព័ររបស់ក្រសួងសុខាភិបាល www.cdcmoh.gov.kh ដែលគេហទំព័រនះមានសម្ភារអប់រំសុខភាព ដែលអាចទាញយកមកមើល និងប្រើប្រាស់បាន។ សំរាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាលតាមលេខទូរស័ព្ទ៖ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕
ដោយ៖ សុខ ខេមរា