ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកកិច្ចប្រជុំកំពូលស្តីពី សេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់ចិន។
កិច្ចប្រជុំកំពូលនេះនឹងមានកិច្ចប្រជុំ ពេញអង្គចំនួន៣វគ្គ ដោយពិភាក្សាលើប្រធានបទសំខាន់ៗចំនួន៣។ កិច្ចពិភាក្សានឹងចូលរួម ដោយអ្នកជំនាញនៅកម្ពុជា ម៉ាឡេស៊ី និងប្រទេសចិន។
កិច្ចប្រជុំពេញអង្គទាំង៣វគ្គនោះរួមមាន៖
១៖ ពិភាក្សាលើប្រធានបទ «ប្រទេសចិន ភាពបៃតងនៃ BRI និង RCEP៖ ការរៀបចំផែនការអនាគត និងការពន្លឿនភាពជាដៃគូ»
២ ៖ ពិភាក្សាលើប្រធានបទ «ឌីជីថល កំណើនបៃតង និង និរន្តរ ភាព៖ បញ្ហាប្រឈម និងឱកាសនៅក្នុងសេដ្ឋកិច្ចថ្មី»។
និង៣ ៖ នឹងពិភាក្សាលើប្រធានបទ «តួនាទីរបស់សហគ្រិន និង វិនិយោគិនចិន នៅក្រៅប្រទេសក្នុងការជំរុញការវិនិយោគផ្ទាល់ពីបរទេស៖ សហ គ្រិន ភាព ការចាប់ផ្តើមអាជីវកម្ម និងអាជីវកម្មគ្រួសារ»។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកល (GCET) ដែលពីមុន ត្រូវបាន គេស្គាល់ថា ជាកិច្ចប្រជុំកំពូលសេដ្ឋកិច្ចពិភពលោករបស់ចិន គឺជាវេទិកាអន្តរជាតិ ដ៏សំខាន់មួយដែលផ្តោតលើការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសចិន អាស៊ាន និងប្រជាជនចិនទូទាំងពិភពលោក។ កិច្ចប្រជុំ កំពូលនេះ ក៏ជួយសម្រួលដល់ការសិក្សានៃវប្បធម៌ចម្រុះ និងការផ្លាស់ប្តូររវាងទស្សន វិស័យ លោកខាងកើត និងលោកខាងលិច។
ចាប់តាំងពីការបង្កើតឡើងនៅក្នុងឆ្នាំ២០០៩ កិច្ចប្រជុំកំពូលនេះ ត្រូវបានរៀបចំ ឡើង នៅក្នុងទីក្រុងនានា រួមមានទីក្រុង Kuala Lumpur, Melbourne, ទីក្រុង ឡុងដ៍, Melaka, Penang, ទីក្រុង Chongqing, ទីក្រុងប៉េកាំង, ទីក្រុង Shenzhen, ទីក្រុងហុងកុង និងម៉ាកាវ៕
ដោយ ៖ សិលា