ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិព្នងម្នាក់​ ប្រើអំពើហិង្សាលើប្រពន្ធ និងកាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាត ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

ចែករំលែក៖

ខេត្តមណ្ឌលគិរី​៖ បេី​យោង​តាមរបាយការណ៍របស់សមត្ថកិច្ច​នគរបាល​ខេត្ត​មណ្ឌលគិរី​ នៅថ្ងៃសៅរ៍ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២១ បានឱ្យដឹងថា​ កម្លាំងនគរបាលស្រុកអូររាំង សហការរជាមួយកនគរបាលប៉ុស្ដិ៍រដ្ឋបាលសែនមនោរម្យ​ឃាត់ខ្លួនបុរសជនជាតិព្នងម្នាក់  ពាក់ព័ន្ធករណីប្រើអំពើហិង្សាលើស្ត្រីជាភរិយា និងកាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាត។

របាយការណ៍ដដែល​ បន្តថា​ បុរសជនជាតិព្នង​ខាងលេីនេះ​មានឈ្មោះ​ឈិន រដ្ឋា​ អាយុ៣៦ឆ្នាំ​ មុខរបរធ្វើស្រែចម្ការ រស់នៅភូមិពូទ្រូ ​ឃុំសែនមនោរម្យ​ ស្រុកអូររាំង​ ​ខេត្តមណ្ឌល​គិរី។

ប្រភពដដែលបន្តថា​ កាលពីនៅវេលាម៉ោង៩​ ព្រឹក​ថ្ងៃ​សុក្រ​ទី​១២​ ខែវិច្ឆិកា​២០២១​ ជនរងគ្រោះឈ្មោះ ព្យឹក ចែម ភេទស្រី អាយុ២៧ឆ្នាំ​ ជនជាតិព្នងដូចគ្នា នឹងត្រូវជាប្រពន្ធរបស់ជនសង្ស័យ បានទៅប្តឹងសមត្ថកិច្ចនគរបាលមូលដ្ឋានថា ប្តីគាត់បានបង្កអំពើហិង្សាក្នុងគ្រួសារ​ និងលាក់ទុកអាវុធដោយគ្មានច្បាប់អនុញ្ញាតជាច្រើនដើម ។

ក្រោយពីទទួលបានពាក្យបណ្តឹងនោះភ្លាម សមត្ថកិច្ចនគរបាលប៉ុស្តិ៍ បានរាយការណ៍បន្តជូនទៅអធិការស្រុក ហេីយស្រុកក៏ បានរាយការណ៍ទៅស្នងការនគរបាលខេត្ត ទើបកម្លាំងសហការបានចុះទៅឃាត់ខ្លួនបុរសជនជាតិព្នងខាងលើ និងដកហូតអាវុធ ដែលលាក់ទុករួមមាន ៖

១. អាវុធAK47 អត់ស្វ័យ អត់បង់ មានសភាពចាស់ចំនួន ០១ដេីម ។

២. អាវុធកែច្នៃ​ចំនួន ០១ដេីម

៣. បំពង់ខ្សៀរកញ្ឆារ​ចំនួន ០១ដើម

៤. កាំបិត តូចធំ ចំនួន ០៣ដើម ។

វត្ថុតាងអាវុធទាំងអស់នេះ បើកុំឈ្លោះគ្នាជាមួយប្រពន្ធ ម្ល៉េះសមត្ថកិច្ច ក៏មិនបានដឹងដែរ ។

បច្ចុប្បន្ន​ជនសង្ស័យ​និងវត្ថុតាង ត្រូវកម្លាំងសមត្តកិច្ចមូលដ្ឋានបញ្ជូនទៅស្នងការដ្នាននគរបាលខេត្តមណ្ឌលគិរី​ ដើម្បីកសាងសំណុំរឿងតាមនីតីវិធី៕

ដោយ​៖សហការី​


ចែករំលែក៖