(តពីលេខមុន)
១១- គេមិនបរិភោគតែម្ហូបណាមួយមុខដែលខ្លួនត្រូវមាត់ឬដែលឆ្ងាញ់ជាងគេនោះទេ។
១២- គេមិនបរិភោគរឡឹបរឡប់ញាប់ដៃគ្មានបង្អង់ឲ្យបានតែឆ្អែតមុនគេនោះទេ។
១៣- គេតែងតែមើលនាយ មើលអាយ កុំយឺតពេក កុំញាប់ពេកបើនឹងឈប់ក៏ត្រូវឈប់បន្តៗគ្នា ឬស្មើគ្នាក្នុងវង់ជាមួយគ្នា។
១៤- គេមិនដែលទារថែមតែម្ហូបណាដែលឆ្ងាញ់នោះទេ ។ គេត្រូវរអែងអធ្យាស្រ័យដល់អ្នកជាប់ផ្ទះក្រែងខ្វះខាតផង ។ យើងឃើញហើយម្ហូបបារាំង និងចិន ភ្ញៀវពុំដែលទារថែមសោះឡើយ។ដំណើរថែមម្ហូបនេះ ស្រេចនៅអ្នកបម្រើ បើគេសុំយកចានទៅថែមជាការគួរ ជាងភ្ញៀវទារឱ្យថែមរបៀបបារាំង។មានកាលខ្លះអ្នកបម្រើកាន់ម្ហូបមកជូនភ្ញៀវសុំថែមជូនដែរតែភ្ញៀវខ្លះទទួលខ្លះក៏ទេ ។
១៥- គេពុំដែលទាររករបស់ដែលខុសទំនងនោះឡើយ ឬរបស់ដែលគេពុំដាក់ឲ្យ។ បើប្រសិនជាសាបប្រៃយ៉ាងណាគេស៊ូទ្រាំនៅស្ងៀម។ ប្រៀបដូចគេលៀងម្ហូបចិន ចិនទទួលទានទឹកស៊ីអ៊ីវ យើងទាររកទឹកត្រីយួន ឬទឹកត្រីបារាំង។ យ៉ាងនេះជាកិរិយាមិនល្អមើលហើយទាំងផ្ទះនាំឲ្យមានការទៀតផង។
១៦-គេមិនដែលចោលឆ្អឹងត្រីឬជាអ្វីនៅលើតុបាយសោះទេ គេចោលតែក្នុងកន្ថោរ ឬទុកក្នុងចានបាយរបស់ខ្លួននៅមាត់ចានឬនៅជ្រុងចាន។
១៧- គេមិនឲ្យទង្គិចសម ស្លាបព្រា នឹងចានបាយឬចានសម្លអោយលឺខ្លាំងទេ។
១៨- គេមិនដែលទុកម្ហូបដែលមានឱជារសឆ្ងាញ់នោះ នៅតែនៅមុខខ្លួនឯងទេ ត្រូវផ្លាស់ប្ដូរកន្លែងម្ហូបខ្លះ ដើម្បីជាការគួរសមដល់លោកអ្នកដែលលូកមិនដល់ឬដែលពិបាកនឹងឈោងឲ្យដល់។
១៩- កាលណាគេលែងបរិភោគចំអាប គេពុំដែលបរិភោគបង្អែមមុនគេឯងតែម្នាក់ឯងទេ គេរមែងចាំឲ្យហើយគ្រប់គ្នា ទើបបរិភោគឲ្យស្មើគ្នា។
២០- បើកាលណាបរិភោគហើយមានសាច់ ឬអ្វីមួយចូលសៀតស៊កនៅចន្លោះធ្មេញ គេនឹងចាក់ឆ្កឹះយកចេញ លុះត្រាតែឈឺទ្រាំពុំបាន។ បើទ្រាំបានគួរតែកុំអាលចាក់ បើមានភ្ញៀវតុជាមួយគេមិនទាន់លែងបរិភាគ កុំឱ្យមានការខ្ពើមរអើមដល់គេឯង ដែលកំពុងបរិភោគ។ កិរិយាចាក់ធ្មេញនេះត្រូវគេយកដៃម្ខាងខ្ទប់មាត់ ឬបាំងមាត់កុំឲ្យអ្នកដទៃឃើញធ្មេញនៅក្នុងមាត់ និងមាត់ដែលហារឡើងនោះមិនជាទីទស្សនាដល់ភ្នែកអ្នកទាំងពួង។
២១- កាលបើលែងបរិភោគហើយ ត្រូវប្រមូលសមនិងស្លាបព្រាដាក់ផ្ងារទន្ទឹមគ្នានៅកណ្ដាលចានបាយ។ ធ្វើយ៉ាងនេះអ្នកបម្រើអាចនឹងដឹងបានថាយើងឈប់បរិភោគហើយ។
២២- ពេលឈប់បរិភោគហើយគេមិនដែលលាងដៃដាក់ក្នុងចានបាយឡើយ គេមិនដែលលាងមាត់ ឬខ្ពុរមាត់នៅកន្លែងនោះឡើយ។ គេមិនដែលខ្វល់និងចាក់ទឹកក្រលែងចានបាយឡើយ។
២៣- កាលបើបរិភោគលែងមុនគេ កុំអាលប្រញាប់ជក់បារីបង្ហុយផ្សែងដាក់គេដែលកំពុងបរិភោគមិនទាន់រួចនោះ។
២៤- ពេលកំពុងនរិភោគ មិនត្រូវខាកស្តោះឡើយ។ បើកណ្ដាស់ឬក្អកទន់មិនបាន ក៏ត្រូវងាកមុខចេញពីតុ ឬយកកូនកន្សែងខ្ទប់មាត់កុំឲ្យព្រោះបាយ ឬទឹកមាត់ចូលស្ពកបាយឡើយ។
របៀបបរិភោគអាហារ មិនសម្រាប់តែគ្រហស្ថទេ ទាំងព្រះសង្ឃ ក៏គប្បីប្រើកិរិយាឱ្យស្រគត់ស្រគំ សមរម្យដូចបរិយាយមកខាងលើនេះដែរ ព្រោះព្រះសង្ឃរមែងតែឆាន់ចង្ហាន់រាបផ្ទាល់ទៅនឹងកន្ទេលដែរ។
តាមរបៀបអនាម័យ បច្ចុប្បន្ននេះខ្លះគេដាក់ស្លាបព្រាក្នុងចានសម្លមួយ ទុកជូនភ្ញៀវដួសសម្លនោះដាក់ក្នុងចានបាយខ្លួន ដើម្បីជៀសវាងជំងឺឆ្លងដោយយកស្លាបព្រាដែលយើងដាក់ក្នុងមាត់ទៅដួសសម្លក្នុងចានតែមួយ។ ឯម្ហូបក្រៀមពុំបាច់ទេដោយប្រើសមគ្រប់គ្រាន់ហើយ។(នៅមានត)
ស្រាវជ្រាវនិងកែសម្រួលដោយ ÷ ចៅតាជេត