ព័ត៌មានទាន់ហេតុការណ៍៖

ផ្អើល​ទាំង​យប់!​ ថ្ម​ប្រាសាទបុរាណ​មួយ​ផ្ទាំង​ធំ​ ផុសចេញពីក្នុងទន្លេ​ នៅ​ជ្រោយ​បា​ចុង​ ខណៈ​ភ្លៀង​ធ្លាក់​ខ្លាំង​បាក់​ច្រាំងទន្លេ​

ចែករំលែក៖

ខេត្ត​ស្ទឹងត្រែង​៖​ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយបានកេីតឡេីង​ទាំង​កណ្ដាល​យប់​ ខណៈ​ពុទ្ធបរិស័ទ និង​ព្រះសង្ឃ ក្នុង​វត្ត​ស្ថិតក្នុង​ភូមិ​បា​ចុង​ សង្កាត់​ព្រះបាទ ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង បាននាំគ្នាប្រទះ​ឃេីញថ្ម​ប្រាសាទបុរាណ​មួយ​ផ្ទាំង​ធំ​ បានផុសចេញពីក្នុងទន្លេ​ ក្បែរ​វត្តធម្ម​រង្សី បាក់ស្រុត​ដី​ច្រាំង​ ក្រោយមានភ្លៀង​ធ្លាក់​ជោគជាំ​អស់រយៈ​ពេលប៉ុន្មាន​ថ្ងៃនេះ​។ 

បេី​យោង​តាមប្រភពព័ត៌មានពី​មន្ត្រី​នៃ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​ស្ទឹងត្រែង​ បានឱ្យដឹងនៅរសៀលថ្ងៃ​ចន្ទ​ទី​០៤​ ខែមេសា​ ឆ្នាំ​២០២២នេះ​ថា៖​ មាន​ករណី​​ប្រជាពលរដ្ឋ​រួមទាំង​ព្រះសង្ឃ​ក្នុង​វត្តធម្ម​រង្សី កាលពី​យប់​ថ្ងៃ​អាទិត្យ​ទី​០៣​ ខែមេសា​ម្សិលមិញនេះ​ បានប្រទះ​ឃេីញ​ថ្ម​ប្រាសាទបុរាណ​មួយ​ផ្ទាំង​ធំ​ ផុសពីចេញក្នុងទន្លេ​ នៅ​ជ្រោយ​បា​ចុង​ ខណៈ​ភ្លៀង​ធ្លាក់​ខ្លាំង​បាក់​ច្រាំងទន្លេ។ ភ្លាមនោះ​ ប្រជាពលរដ្ឋ​ក៏​នាំគ្នា​យក​ខ្សែ​ទាញយក​ថ្ម​មួយ​ផ្ទាំង​ ដែល​ប្រុង​នឹង​បាក់​ចូលទៅក្នុង​ទន្លេ​ឡើងមក​លើគោក រួច​ដឹក​យកមក​រក្សាទុក នៅមន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តតែម្តង។ 

ប្រភពដដែលបន្តថា​ ផ្ទាំង​ថ្ម​ខាងលើនេះ​គេ​ហៅថា «​ផ្តែរ​» ​ដែលជា​ចម្លាក់​ប្រាសាទបុរាណ​។ «​ផ្តែរ​» គឺជា​រនាំង​នៅ​ចន្លោះ​បង្គោល​នៃ​ប្រាសាទបុរាណ​។​

​មន្រ្តី​ជំនាញ​ បានបន្ថែមទៀតថា​ យោងតាម​សាលា​កប​ត្រ​នៃ​បញ្ជី​សារពើ​ភណ្ឌ​ស្ថានីយ៍​បុរាណវិទ្យា​ខេត្តស្ទឹងត្រែង​ បាន​ឱ្យ​ដឹងថា ប្រាសាទ​បា​ចុង ស្ថិតនៅ​ខាងលិច ក្រុង​ស្ទឹងត្រែង មាន​ចម្ងាយ​៣​គីឡូម៉ែត្រ និង​នៅជាប់​បណ្ដោយ​ផ្លូវ​កៅស៊ូ​មាត់ទន្លេ​សេកុង​។ ជុំវិញ​ស្ថានីយ៍​នេះ នៅ​ប៉ែក​ខាងកើត ទាល់​ដី​លោក ហា ដែង ខាងត្បូង​ទាល់​អូ​របា​ចុង និង​ខាងលិច​ទាល់​ទន្លេធំៗ​ចំនួន​២​គឺ ទន្លេមេគង្គ និង​ទន្លេសេកុង​។ ទួលប្រាសាទ​នេះ​រង​ការបាក់ និង​បាត់​រចនាសម្ព័ន្ធ​ប្រាសាទ​ដោយសារ​បាក់​ច្រាំងទន្លេ មានការ​ជីក​គាស់​កាយ​រក​វត្ថុ​បុរាណ​ជាដើម​។ ប្រាសាទ​នេះ​បន្សល់ទុក​បំណែក​ឥដ្ឋ ទ​បង្ហូរទឹក​ចំនួន​មួយ​។ 

សូមជម្រាបថា​ ជា​រៀងរាល់ឆ្នាំ គណៈកម្មការ​វត្ត និងអ្នកភូមិ​បាននាំគ្នាមក​ប្រារព្ធ​ពិធី បុណ្យ​ផ្សេងៗដូចជា​៖​ បុណ្យកាន់បិណ្ឌ និង​បុណ្យ​ភ្ជុំបិណ្ឌ​ម្ដងៗ ពួកគាត់​តែងតែ​ធ្វើតាម​ទំនៀមទម្លាប់ត​ៗគ្នារហូតមក តែងតែ​យក​ដុំ​បាយ​ទៅ​បោះ​នៅលើ​ដី និង​យកទៅដាក់​ក្នុង​ខ្ទម​អ្នកតា​មួយ​នៅក្បែរ​ទីនោះ​។ 

គួរបញ្ជាក់ថា​ សម្រាប់​បុណ្យចូលឆ្នាំខ្មែរប្រពៃណី​ គឺតែងតែ​រៀបចំ​កម្មវិធី​បណ្ដែតប្រទីប និង​សូន​រូប​នាគ ធ្វើ​អំពី​ឫស្សី​ផងដែរ​ ហើយ​ប្រាសាទ​ខាង​លើនេះ​ ពុំមាន​ប័ណ្ណកម្មសិទ្ធិនៅឡើយ​ទេ​៕​

ដោយ​៖សហការី​


ចែករំលែក៖