ព័ត៌មានទាន់ហេតុការណ៍៖

លោក ពូទីន​ ប្រកាសពី​ជ័យជម្នះ​លើទី​ក្រុង Mariupol ខណៈ​ដែលអាមេរិក​គ្រោង​បញ្ជូន​អាវុធនិង​ថវិកា​៨០០លានដុល្លារបន្ថែម​ទៀត​ឱ្យ​​ប្រទេសអ៊ុយ​ក្រែ​ន​

ចែករំលែក៖

​អន្តរជាតិ៖ ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) បាន​អះអាង​ពីជ័យជម្នះ​ក្នុង​សមរភូមិ​សង្គ្រាម​ដ៏​ធំ​បំផុតនៅ​ប្រទេស​អ៊ុយ​ក្រែ​ន​ កាលពី​ថ្ងៃ​ព្រហស្បតិ៍ទី២១​ ខែមេសា​ម្សិលមិញនេះ​ ដោយ​អះ​អាង​ថា ​ទីក្រុង​កំពង់ផែ Mariupol ត្រូវ​ដណ្ដើម​បាន​បន្ទាប់​ពី​ការ​ឡោមព័ទ្ធ​ជិត២​ខែ​។ ​ចំណែកក្រសួងការបរទេស​អាមេរិក​វិញបា​ននិយាយ​ថា ​ខ្លួន​យល់ថា ​កងកម្លាំង​អ៊ុយ​ក្រែ​ន​ នៅតែ​បន្ត​ការ​វាយ​ប្រយុទ្ធ​ដណ្ដើម​ដែនដី​របស់​ពួកគេ​មកវិញ​នៅ​ក្នុង​ទីក្រុង Mariupol​។ យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក​បាន​ច្រាន​ចោល​ពី​ការប្រកាស​ជ័យជម្នះ​របស់​លោកពូទីន​ លើ​ទីក្រុង Mariupol​។

​យ៉ាង​ណា​មិញ​ ក្រុម​យុទ្ធជន​អ៊ុយ​ក្រែ​ន និង​ជន​ស៊ីវិល​រាប់​រយ​នាក់​នៅតែ​កំពុង​លាក់ខ្លួននៅ​ក្នុង​លេណដ្ឋាន​រាប់​សិប​កន្លែង​ក្នុង​រោងចក្រ​ដែកថែប​ដ៏​ធំ​។ លោក ពូទីន​ បាន​បញ្ជា​ឱ្យ​​ទាហាន​របស់​លោក​បិទ​ច្រក​បរិវេណ​នោះ ដូច្នេះ​ពួកគេ​នឹង​មិន​អាច​គេចខ្លួន​បានទេសូម្បីតែ​រុយ​មួយ​ក្បាល​ក៏ដោយ​។ ​អ៊ុយ​ក្រែ​ន​និយាយ​ថា លោក ពូទីន​ ចង់​បញ្ចៀសការ​ប៉ះ​ទង្គិច​ចុង​ក្រោយ​ជាមួយ​កងកម្លាំង​របស់​ខ្លួន​ក្នុង​ទីក្រុង​នេះ ដោយសារតែ​លោក​ខ្វះ​កម្លាំង​វាយ​ផ្ដួល​ពួកគេ​។

ដោយឡែក​បើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន New York Times នៅថ្ងៃសុក្រទី២២ ខែមេសា ឆ្នាំ២០២២នេះថា៖​ ក្រុមមន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ជឿជាក់ថា ក្នុងរយៈពេល ៤សប្ដាហ៍ខាងមុខ នឹងកំណត់ជោគជ័យនៃសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ព្រមទាំងផែនទីអឺរ៉ុប ក្នុងរយៈពេលជាច្រើនទសវត្សរ៍ខាងមុខ។
បើតាមក្រុមមន្ត្រីអាមេរិកជាន់ខ្ពស់ខាងលើ បច្ចុប្បន្នគឺជាពេលដ៏សំខាន់ដែលត្រូវប្រញាប់បញ្ជូនអាវុធបន្ថែមដល់អ៊ុយក្រែនឱ្យបានកាន់តែច្រើនតាមដែលអាចធ្វើទៅបាន ជាពិសេសគឺប្រភេទអាវុធធុនធ្ងន់ ដូចជាកាំភ្លើងបាញ់រយៈចម្ងាយឆ្ងាយ និងប្រព័ន្ធរ៉ាដាប្រឆាំងកាំភ្លើងធំ។

ដោយឡែក ពាក់ព័ន្ធនឹងការបញ្ជូនអាវុធនេះដែរ, ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិនកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានប្រកាសផ្ដល់ជំនួយយោធា ៨០០លានដុល្លារបន្ថែមឱ្យអ៊ុយក្រែន ដែលជាកញ្ចប់ជំនួយយោធាទី២ ក្នុងរយៈពេលមួយសប្ដាហ៍។ បន្ថែមពីលើនេះ លោក បៃឌិន ក៏បានសង្កត់ធ្ងន់ដែរថា ជំនួយយោធារបស់អាមេរិក គឺជាសារមួយបញ្ជូនទៅកាន់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន ឱ្យដឹងថា រុស្ស៉ីនឹងមិនអាចទទួលបានជោគជ័យក្នុងការគ្រប់គ្រងអ៊ុយក្រែនទាំងមូលឡើយ។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ​ ក្រុមមន្ត្រីជាន់ខ្ពស់មកពីក្រសួងការពារជាតិអាមេរិក ក៏បានព្រមានដែរថា សម្រាប់លោក ពូទីន មិនមែនត្រឹមចង់បានតែតំបន់ដុនបាស់ប៉ុណ្ណោះទេ ប៉ុន្តែលោកចង់បានអ៊ុយក្រែនទាំងមូល បើទោះជាមូស្គូធ្លាប់បានអះអាងថាខ្លួនមិនមានបំណងកាន់កាប់អ៊ុយក្រែនក៏ដោយ៕

ដោយ​៖ស​ តារា(រូបថត៖RT)


ចែករំលែក៖