ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល សូមចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ ៖ ការលើកលែងកាតព្វកិច្ចពាក់ម៉ាស់នៅទូទាំងប្រទេស ដែលនៅទីសាធារណៈ ជាទីលំហ ឬទីកន្លែងដែលមានចរន្តខ្យល់ចេញ ចូលល្អ និងការចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងគោលដៅបន្តធានានូវនិរន្តរភាព នៃភាពរឹងមាំនៃភាពស៊ាំសហគមន៍ និងការលើកលែងនូវកាតព្វកិច្ចពាក់ម៉ាស់។

លោកស្រីវេជ្ជបណ្ឌិត ឱវណ្ណឌីន បានថ្លែងទាំងយប់នេះថា, 

ខ្ញុំសូមជម្រាបជូនឯកឧត្តម លោកជំទាវ ប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូរីដ-១៩ ថ្នាក់រាជធានី-ខេត្ត ទាំងអស់ មេត្តាជ្រាបថា រាជរដ្ឋាភិបាលបានសម្រេច លើកលែងនូវកាតព្វកិច្ចពាក់ម៉ាស់នៅទូទាំងប្រទេស សម្រាប់ទីសាធារណៈដែលជាទីលំហ ឬទីកន្លែងដែលមានចរន្តខ្យល់ ចេញចូលល្អ។ ដូច្នេះ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល សូមស្នើដល់គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងអាជ្ញាធររាជធានី-ខេត្ត ត្រូវធ្វើការណែនាំដល់សាធារណជន ទាំងអស់នៅក្នុងភូមិសាស្ត្រស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន អំពីការលើកលែងកាតព្វកិច្ចពាក់ម៉ាស់ និងការបន្តអនុវត្ត វិធានការចាំបាច់នានា ដូចខាងក្រោម៖

១. ប្រជាជនទាំងអស់នៅទូទាំងប្រទេស ពុំតម្រូវឱ្យពាក់ម៉ាស់ទៀតឡើយនៅទីសាធារណៈដែលជា ទីលំហ ឬទីកន្លែងដែលមានចរន្តខ្យល់ចេញចូលល្អ (ដូចជា នៅផ្លូវ ឬសួនច្បារសាធារណៈ អគារ ឬបន្ទប់បើកបង្អួច ឬផ្សារទំនើបធំៗដែលមានប្រព័ន្ធរំហូរខ្យល់ចេញចូលល្អ ជាដើម) ដោយប្រជាជនទាំងអស់អាចជ្រើសរើសដោយខ្លួនឯង ពីការបន្តពាក់ម៉ាស់ ឬមិនពាក់ម៉ាស់។ ប៉ុន្តែការពាក់ម៉ាស់នេះ ត្រូវបានលើកទឹកចិត្តឱ្យបន្តអនុវត្តនៅពេលមានការ ចូលរួមក្នុងព្រឹត្តិការណ៍ជួបជុំ ទីតាំងសកម្មភាពសង្គម-សេដ្ឋកិច្ចនានាដែលមានការប្រមូលផ្តុំមនុស្សច្រើនកុះករកកកុញ (ជាអាទិ៍ ការរៀបចំសន្និសីទ កិច្ចប្រជុំ សិក្ខាសាលា ឬវគ្គបណ្តុះបណ្តាលផ្សេងៗ) និងទីតាំងបិទជិតនានាដែលពុំមាន ប្រព័ន្ធរំហូរខ្យល់ចេញចូលល្អ ឬទីកន្លែងដែលមានការសង្ស័យថាមានបុគ្គលដែលពាក់ព័ន្ធនឹងជំងឺកូវីដ-១៩។ ចំពោះ ទីតាំងបិទជិត ត្រូវបន្តអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ ឬការពាក់ម៉ាស់ជាជម្រើស ដោយផ្អែកទៅតាមការកំណត់នៅក្នុង គោលការណ៍ប្រតិបត្តិស្តង់ដារនានា (SOPs) ដែលក្រសួង-ស្ថាប័នមានសមត្ថកិច្ចបានដាក់ចេញនាពេលកន្លងមក។ ប៉ុន្តែ កាតព្វកិច្ចពាក់ម៉ាសនេះ ត្រូវបន្តអនុវត្តសម្រាប់អ្នកជំងឺកូវីដ-១៩ និងអ្នកដែលមានការពាក់ព័ន្ធនឹងអ្នកវិជ្ជមាន កូវីដ-១៩។

២. គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងអាជ្ញាធររាជធានី-ខេត្ត ត្រូវបន្តអប់រំនិងជំរុញលើកទឹក ចិត្តប្រជាជនទាំងអស់ដែលគ្រប់អាយុចាក់វ៉ាក់សាំងកូវីដ-១៩ ហើយបានចាក់ដូសមូលដ្ឋានពេញលេញរួច ឱ្យចូលរួមចាក់ វ៉ាក់សាំងដូសទី៣ ដែលត្រូវបានកំណត់ជាដូសអប្បបរមាសម្រាប់ប្រជាជនទូទៅនៅក្នុងប្រទេសកម្ពុជា។ ការចូលរួមនេះ ត្រូវបានចាត់ទុកជាកាតព្វកិច្ចផ្នែកស្មារតីរបស់ប្រជាពលរដ្ឋគ្រប់រូប ក្នុងការរក្សាសុខុមាលភាពផ្ទាល់ខ្លួន ការពារអាយុជីវិត ខ្លួនឯងនិងក្រុមគ្រួសារ ព្រមទាំងរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងគោលដៅបន្តធានានូវនិរន្តរភាពនៃភាពរឹងមាំនៃភាពស៊ាំសហគមន៍ និងការលើកលែងនូវកាតព្វកិច្ចពាក់ម៉ាស់។

៣. គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងអាជ្ញាធររាជធានី-ខេត្ត ត្រូវចូលរួមអនុវត្តសេចក្តីសម្រេច ស្ដីពីការធ្វើសមាហរណកម្មការព្យាបាលអ្នកជំងឺកូវីដ-១៩ នៅក្នុងប្រព័ន្ធថែទាំព្យាបាលតែមួយ (ការរៀបចំបន្ទប់ដាច់ ដោយឡែក និងការរៀបចំរំហូរអ្នកជំងឺត្រឹមត្រូវ) នៅមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន និងបន្តយកចិត្តទុកដាក់ ត្រៀមលក្ខណៈពង្រឹងសមត្ថភាពឆ្លើយតបរបស់ប្រព័ន្ធសុខាភិបាល តាមរយៈការបន្តត្រៀមក្រុមការងារឆ្លើយតបបន្ទាន់ ក្រុមគ្រូពេទ្យព្យាបាល គ្រែសង្គ្រោះបន្ទាន់ សម្ភារៈបរិក្ខារពេទ្យ និងឱសថព្យាបាលជំងឺកូវីដ-១៩ រួមទាំងឧបករណ៍តេស្ត រហ័សរកអង់ទីហ្សែនកូវីដ-១៩ ដើម្បីអាចឆ្លើយតបបានទាន់ពេលវេលាទៅនឹងសភាពការណ៍ហានិភ័យណាមួយដែល អាចកើតមានឡើងជាយថាហេតុ។ ជាមួយគ្នានេះ អ្នកផ្តល់សេវាក្នុងវិស័យសាធារណៈ និងឯកជន ព្រមទាំងប្រជាជន ទាំងអស់ ត្រូវចូលរួមគោរពនិងអនុវត្តនូវវិធានការសុខាភិបាល និងវិធានការរដ្ឋបាលជាធរមាន ហើយក៏ត្រូវប្រញាប់ធ្វើ តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដោយខ្លួនឯង ក្នុងករណីមានការសង្ស័យ ដូចជាមានរោគសញ្ញាក្តៅខ្លួន ក្អក ឬ រោគសញ្ញាផ្លូវដង្ហើមផ្នែកខាងលើ (តឹងច្រមុះ ហៀរសំបោរ រមាស់ក ស្អកក ឈឺក ជាដើម) និងដាក់ខ្លួននៅដាច់ដោយឡែក ព្យាបាលនៅតាមផ្ទះក្នុងករណីមានជំងឺកូវីដ-១៩ កម្រិតស្រាល ស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដារដែលមាន ជាធរមាន ព្រមទាំងត្រូវចូលរួមសហការ និងរាយការណ៍ពីករណ៏សង្ស័យដែលអាចនាំឱ្យមានការផ្ទុះឡើងវិញនៃការឆ្លង វីរុសកូវីដ-១៩ ជូនដល់មន្ទីរសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច។

៤. មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត នីមួយៗ ត្រូវធ្វើរបាយការណ៍ប្រចាំថ្ងៃពីករណីវិជ្ជមាន កូវីដ-១៩ ដែលរកឃើញចាប់ពីចាប់ផ្តើមអនុវត្តការលើកលែងកាតព្វកិច្ចពាក់ម៉ាស់នេះ រហូតដល់មានការណែនាំជាថ្មី ទៀត ជូនដល់គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ រាជធានី-ខេត្ត រៀងៗខ្លួន និងនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃ ក្រសួងសុខាភិបាល ដែលនាយកដ្ឋាននេះ នឹងត្រូវផ្ដល់ទិន្នន័យពាក់ព័ន្ធជូនទៅអនុគណៈកម្មការវាយតម្លៃ ផែនការ និងយុទ្ធសាស្ត្រ ដើម្បីធ្វើការតាមដាន វាយតម្លៃស្ថានភាពនៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩ និងភាពសុំសហគមន៍។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តម លោកជំទាវ ចាត់ចែងអនុវត្ដឱ្យមានប្រសិទ្ធភាពខ្ពស់តាមភារកិច្ចរៀងៗខ្លួន។

សូម ឯកឧត្តម លោកជំទាវ ប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានី-ខេត្ត ទទួលនូវ ការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖