ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាល កែសម្រួលសមាសភាព របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសេចក្ដីសម្រេចកែសម្រួល សមាសភាពរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក)។

សូមបញ្ជាក់ថា, ក្នុងសេចក្ដីសម្រេចដែលអង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” ទទួលបាននៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ បានកំណត់ថា នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន។ 

រាជរដ្ឋាភិបាលសម្រេច : 

ប្រការ ១..ត្រូវបានកែសម្រួលសមាសភាពគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្ក គ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ដែលបានកំណត់ដោយ សេចក្តីសម្រេចលេខ ៩១ សសរ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ដូចមានរាយនាមខាងក្រោម៖

១-នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន

២-អនុប្រធានចំនួន ៧រូប ក្នុងនោះ លោក សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាអនុប្រធានអចិន្ត្រៃយ៍ និងសមាជិក ២០រូប ។ 

ប្រការ ២…តួនាទី ភារកិច្ច របស់សមាសភាពគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្ក គ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ដូចមានចែងក្នុងប្រការ១ខាងលើ ត្រូវ អនុវត្តតាមសេចក្តីសម្រេចលេខ ១៥០ សសរ ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤ របស់រាជរដ្ឋាភិបាល ស្តីពីការបង្កើតគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហាវិភ័យខ្ពស់ ដល់សុខភាព និងសុវត្ថិភាពសង្គម។

ប្រការ ៣.. សេចក្តីសម្រេចលេខ ៩១ សសរ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ របស់រាជរដ្ឋាភិបាល ស្ដីពី ការកែសម្រួលសមាសភាពគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មាន ហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម និងបទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយ នឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

ប្រការ ៤…រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និង សាមីខ្លួនដូចមានចែងក្នុងប្រការ១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖