ភ្នំពេញ ៖ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ប្រធានគណកម្មការ គ.វ.ក-១៩ (ACC-19) បានមានប្រសាសន៍ថា, នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ជាការរំលឹកដល់បុគ្គលគ្រប់រូប ដេីម្បីសុខភាពល្អទាំងអស់គ្នា ៖
លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន លើកឡើងថា, វាជាការគួរឱ្យគោរពស្រឡាញ់ណាស់នៅពេលដែលឃើញមនុស្សមានសុខភាពកាន់តែល្អ និងកាន់តែសប្បាយរីករាយជាងពេលមុនៗ ទោះបីជាមានភាពមិនច្បាស់លាស់នៃបញ្ហាប្រឈមផ្នែកសុខភាពសាធារណៈក៏ដោយ។ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា កាន់តែល្អប្រសើរឡើង ប៉ុន្តែមិនមែនមានន័យថា កូវីដ-១៩ បានផុតរលត់បាត់ទៅវិញនោះទេ។ លោកអ្នកអាចឆ្លងឡេីងវិញបានគ្រប់ពេលវេលា ប្រសិនបើលោកអ្នកមិនបន្តអាកប្បកិរិយាការពារត្រឹមត្រូវរបស់អ្នកទេនោះ។ វ៉ាក់សាំងកូវីដ-១៩ គឺជាឧបករណ៍ដ៏មានសារ:សំខាន់មួយក្នុងការជួយសង្គ្រោះអាយុជីវិតមនុស្ស ដូច្នេះហើយ សូមលោកអ្នក បន្តទទួលយកវ៉ាក់សាំងដូសជំរុញរបស់លោកអ្នក (ដូសទី៣ ដូសទី៤ និងដូសបន្តបន្ទាប់ទៀត.. ប្រសិនបើដល់វេនរបស់លោកអ្នក) គឺជាជម្រើសដ៏ល្អប្រសើរក្នុងការបង្ការ និងរក្សាភាពស៊ាំខ្លាំងរបស់លោកអ្នក ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ រួមជាមួយនឹងវិធានការផ្សេងៗទៀត និងស្ថិតនៅក្នុងភាពប្រុងប្រយ័ត្នដោយមិនភ្លេចខ្លួន នៅក្នុងពេលកំពុងអនុវត្តដំណេីរការបេីកឡើងវិញនូវសង្គម និងសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពក្នុងជីវិតធម្មតាថ្មីរបស់យេីងទាំងអស់គ្នា។
លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន សូមរីករាយថ្ងៃចុងសប្តាហ៍ និងសម្រាកលំហែកាយជាមួយក្រុមគ្រួសារ! គោរពជូនពរលោកអ្នកទាំងអស់គ្នា មានសុខភាពល្អ និងចម្រុងចម្រេីន ចៀសផុតនូវជំងឺដង្កាត់នានា។
សូមបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,០៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,៥២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៨,៨៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១៣១,១១% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លើកុមារអាយុ ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ មាន ៦៣,៧០% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ មាន ៩៣,៧៤% ៕
ដោយ ៖ សុខ ខេមរា