ក្នុងពេលនេះវៀតណាមកំពុងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍សុីហ្គេមលើកទី៣១ ដោយមិនមានការរឹតត្បិតទប់ស្កាត់ការឆ្លងកូវីដ-១៩នោះឡើយ ។ អ្នកគាំទ្របានអនុញ្ញាតឱ្យចូលទៅកាន់ទីលានទស្សនាការប្រកួតនានា ពិសេសគឺបាល់ទាត់តែម្តង។
បើទោះបីយ៉ាងណាក្តីវៀតណាមនៅតែបន្តរកឃើញករណីឆ្លងកូវីដ-១៩ ថយចុះនៅសល់តែ ជាង១.៨០០នាក់ប៉ុណ្ណោះ ។ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃសៅរ៍នេះបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ-១៩ចំនួន ១,៨៩៥ករណីបន្ថែមទៀត និងករណីស្លាប់ថ្មីចំនួន២នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។
រដ្ឋធានីហាណូយដែលបច្ចុប្បន្នជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីៗ ក្នុងស្រុកប្រចាំថ្ងៃនេះចំនួន ៤៨៩ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Nghệ An មានចំនួន ១១៥ករណី និងខេត្ត Quảng Ninh ចំនួន៩៥ករណី។
ទោះជាយ៉ាងណា ក្នុងរបាយការណ៍ថ្ងៃសៅរ៍នេះ វៀតណាមពុំបានរកឃើញករណីអ្នកស្លាប់ថ្មីនោះទេ។
សរុបមកវិញ គិតត្រឹមថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១០,៦៩៥,០៣៦នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩,៣៤៩,៥៩២នាក់ និងស្លាប់សរុបចំនួន ៤៣,០៦៥នាក់៕
ដោយ៖ ធីរីណា(រូបថត ៖ TTXVN)