ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការខេត្តតាកែវ ប្រកាសតែងតាំងលោកវរសេនីយ៍ទោ មូល សារ៉ាត់ ជាអធិការនគរបាលស្រុកបាទី

ចែករំលែក៖

ខេត្តតាកែវ : លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងលោក ភួន ឈីម អភិបាលស្រុកបាទី នៅថ្ងៃទី១៣ ខែមីនា នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងលោកវរសេនីយ៍ទោ មូល សារ៉ាត់ អធិការរងនៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី ទៅជាអធិការនៃអធិការដ្ឋាននគរបាលស្រុកបាទី។

លោកវរសេនីយ៍ទោ មូល សារ៉ាត់ ត្រូវបានប្រកាសតែងតាំងជាអធិការនគរបាលស្រុកបាទី ជំនួសលោកវរសេនីយ៍ឯក ឆាយ កែវមន្នី បន្ទាប់ពីត្រូវបានមន្ត្រីក្រោមឱវាទដាក់ពាក្យបណ្ដឹងទៅក្រសួងមហាផ្ទៃពីការដឹកនាំមានភាពមិនប្រក្រតី។

ពិធីនេះមានការរអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង ទាំង១២ផែន លោក លោកស្រីអភិបាលរងក្រុង-ស្រុកពាក់ព័ន្ធ លោកនាយការិយាល័យជំនាញទាំង៣៣ ចំណុះស្នងការដ្ឋាននគរបាលខេត្ត ព្រមទាំងលោកអធិការនគរបាលក្រុង-ស្រុកទាំង៩ លោក លោកស្រីអធិការរង ទទួលដឹកនាំការងារផ្នែកជំនាញទាំង១០ នៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៩ លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុកបាទី លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្រុកបាទី និងមន្ត្រីពាក់ព័ន្ធ ដែលប្រារព្ធធ្វើឡើងនៅក្នុងអធិការដ្ឋាននគរបាលស្រុកបាទី៕

ដោយ : សិលា


ចែករំលែក៖